លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដល់ភ្ញៀវទេសចរ ដែលបានសំចត នៅកំពង់ផែក្រុងព្រះសីហនុ ដោយលោកបានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា ដោយបុព្វហេតុមនុស្សធម៌ ខ្មែរ បារាំង អាមេរិក អូស្ត្រាលី ហូឡង់ កាណាដា…អាសុី អឺរ៉ុប បាយកញ្ចប់ជាមួយគ្នា ។
សូមបញ្ជាក់ថា អ្នកដំណើរដែលស្ថិតនៅលើនាវាទេសចរណ៍ Westerdam ត្រូវទទួលការត្រួតពិនិត្យសុខភាព មុននឹងអាជ្ញាធរកម្ពុជារៀបចំសម្រួលឲ្យពួកគេបន្តដំណើរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនវិញ។ នេះបើតាមការបញ្ជាក់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទៅស្វាគមន៍ការមកដល់របស់នាវានៃក្រុមហ៊ុន Holland America Line នៅផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
«មិនមានការស្នាក់នៅនោះឡើយ នេះគ្រាន់តែជាដំណើរឆ្លងកាត់ប៉ុណ្ណោះ»។ លោកអភិបាលខេត្តព្រះសីហនុ បានអះអាងយ៉ាងដូច្នេះប្រាប់អ្នកសារព័ត៌មាន ក្រោយការមកដល់របស់នាវា Westerdam ដែលផ្ទុកអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកនាវា៨០២នាក់។
បន្ទាប់ពីចេញដំណើរពីហុងកុង នាថ្ងៃទី១ ខែកុម្ភៈ ការចោលចុះចតរបស់ Westerdam ដែលជាគោលដៅរបស់ខ្លួនត្រូវបានបដិសេធជាបន្តបន្ទាប់ ចាប់ពីជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដោយសារភ័យខ្លាចករណីជំងឺរលាកសួត COVID-19។
ជាមួយគ្នានេះ លោក គួច ចំរើន បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងភាគីនាវា កំពុងសហការគ្នារៀបចំសម្រួលឯកសាររដ្ឋបាលចាំបាច់ឲ្យបានលឿនបំផុត។ ក្រោយការពិនិត្យសុខភាពនៅលើនាវាផ្ទាល់ អ្នកដំណើរក៏មិនត្រូវបានតម្រូវឲ្យចេញទាំងអស់នោះដែរ ពោលគឺសម្រាប់តែទេសចរមួយចំនួនដែលបានទិញសំបុត្ររួចហើយតែប៉ុណ្ណោះ។
បើតាមលោក អភិបាលខេត្ត ទេសចរដែលបានកក់សំបុត្ររួចហើយ មានប្រមាណ៥០០នាក់ ខណៈអាជ្ញាធរកម្ពុជា រៀបចំសម្រួលដំណើរពួកគេទៅកាន់អាកាសយានដ្ឋាន និងឯកសារផ្សេងៗ។
ការមកដល់នាវា Westerdam ក៏ទទួលបានការស្វាគមន៍ផងដែរពីសំណាក់លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាមន្ត្រីស្ថានទូតអាមេរិក ផងដែរ។
ក្នុងចំណោមអ្នកដំណើរ១៤៥៥នាក់ មានជាង៤០សញ្ជាតិ។ ទេសចរដែលច្រើនជាងគេមាន អាមេរិកមាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់…៕