អ្នកទេសចរបរទេស២០នាក់ ដែលស្ថិតនៅក្នុងនាវាកម្សាន្តខ្នាតយក្ស MS westerdam របស់អាមេរិក ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ កំពុងមានស្ថានភាពសុខភាពមិនប្រក្រតី ។ នេះបើតាមការលើកឡើងរបស់លោក គួច ចំរើន។
លោក គួច ចំរើន បានផ្ដល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានថា “ក្នុងចំនោមមនុស្ស២ ២០០នាក់ នៅលើនាវាទេសចរណ៏ MS westerdam មាន២០នាក់ ត្រូវបានរកឃើញថាមានរោគសញ្ញាគ្រុនក្ដៅខុសពីប្រក្រតី ប៉ុន្តែវាមិនមែនជារោគសញ្ញានៃវីរុសកូវីដ ទេវាគ្រាន់តែជាបញ្ហាសុខភាពរបស់ពួកគេដូចជាឈឺក្រពះ និងខ្សោយប្រព័ន្ធការពារតែប៉ុណ្ណោះ។
លោកបានបន្ថែមទៀតថា ភ្ញៀវទេសចរណ៏ទាំង២០នាក់ នោះត្រូវបានដាក់ការសង្ស័យហើយ គឺរដ្ឋមន្រ្តីពាក់ព័ន្ធទាំងអស់ បានបញ្ជូនក្រុមគ្រូពេទ្យខ្មែរ ឲ្យឡើងទៅលើនាវា ដើម្បីយកសំណាកពួកគាត់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ និងបញ្ជូនមន្រ្តីនគរបាល ដើម្បីរៀបចំបទដ្ឋាន វីសា និងឯកសាររដ្ឋបាល អន្តោប្រវេសន៍មួយចំនួនដែរ ក្នុងគោលបំណងបញ្ជូនពួកគេទៅប្រទេសដើមកំណើតវិញរៀងៗខ្លួន។
លោកអភិបាលខេត្តព្រះសីហនុរូបនេះ បានបញ្ជាក់ឲ្យដឹងពីស្ថានភាពរបស់ភ្ញៀវទេសចរទៀតថា ភ្ញៀវទេសចរណនៅលើកប៉ាលមិនមែនចុះមកទាំងអស់នោះទេ គឺចុះតែទេសចរណមួយចំនួនប៉ុណ្ណោះ ដែលបានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគេវិញ ប្រហែលជា៥០០នាក់ ហើយគ្មានអ្នកណាម្នាក់មានគម្រោងស្នាក់នៅខេត្តព្រះសីហនុទេ។
គួររំលឹកដែលថា នាវាទេសចរណ៍ Westerdam មានអ្នកទេសចរបរទេស ធ្វើដំណើរតាមនាវារបស់អាមេរិក សរុបទាំងអស់២២០០នាក់ ហើយត្រូវបានប្រទេសចំនួន៥ បដិសេធមិនឲ្យចូលចតជាដាច់ខាត ព្រោះមានការភ័យខ្លាចចម្លងវីរុសកូរ៉ូណា ប្រទេសទាំង៥ នោះមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន។ ក្រោយមកក៏បានទទួលការអនុញ្ញាតពីសំណាក់អាជ្ញាធរកម្ពុជាឲ្យចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕
អត្ថបទ៖ kbn