ប្រទេសវៀតណាមបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរបានសម្រេចបិទសង្កាត់មួយដែលមានពលរដ្ឋជាង ១ ម៉ឺននាក់ មិនឱ្យអ្នកណាម្នាក់ចេញចូលបានឡើយ ក្រោយរកឃើញមានអ្នកផ្ទុកវីរុស Covid-19 ចំនួន៥នាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានវៀតណាម ចុះផ្សាយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបាននិយាយថា“ ចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២០ នេះតទៅ យើងនឹងសម្រេចបិទសង្កាត់ សាន់ឡី ( Son Loi ) ជាបន្ទាន់មួយនៅក្នុងរយៈពេល ២០ថ្ងៃ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនូវវីរុសរលាកសួតថ្មី Covid-19 ។
មន្ត្រីសុខាភិបាលវៀតណាមបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសនេះកំពុងបង្កើតមន្ទីរពេទ្យនៅតាមមូលដ្ឋាន ដើម្បីដោះស្រាយ ករណីដែលអាចកើតមានឡើង។ គ្រឿងបរិក្ខារដែលមានស្រាប់ចំនួនពីរកំពុងត្រូវបានប្តូរទៅជាមន្ទីរពេទ្យ នៅឯវាលរហោស្ថានមួយ ដែលមានសមត្ថភាពផ្ទុកអ្នកជំងឺសរុបចំនួន ៥០០ គ្រែ។
គួរជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកុម្ភៈនេះ នៅវៀតណាមមានអ្នកផ្ទុកវីរុស Covid-19 ចំនួន ១៥ ករណីហើយ ក្នុងនោះ ៥ ករណីនៅ សង្កាត់សាន់ឡី៕
អត្ថបទ៖ cpcnews