កសិករដាំស្ពៃជាច្រើនគ្រួសាររស់នៅក្នុងក្រុងកំពង់ឆ្នាំង បានសម្តែងការត្អូញត្អែថា ប៉ុន្មានខែចុងក្រោយនេះតម្លៃស្ពៃរបស់ពួកគាត់មានការធ្លាក់ថ្លៃយ៉ាងគំហុក។
បុរសដែលជាអ្នកដាំស្ពៃរស់នៅក្នុងភូមិកោះក្របីបានឲ្យដឹងថា ឆ្នាំនេះតម្លៃស្ពៃដែលបោះឲ្យម៉ូយនៅដើមដៃ គាត់លក់បានមួយគីឡូតម្លៃ ១៥០០រៀល ហើយប៉ុន្មានថ្ងៃនេះធ្លាក់តម្លៃនៅត្រឹមតែ ១០០០រៀលក្នុងមួយគីឡូ តែទោះជាយ៉ាងណាគាត់មិនបានបោះបង់ចោលមុខរបរនេះទេ ព្រោះជាមុខរបរមួយដែលនៅជិតផ្ទះហើយគាត់ក៏មិនធ្វើការចំណាកស្រុកទៅឆ្ងាយនោះឡើយ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅរដូវកាលថ្មីនេះ ខាងលោកនឹងក្រុមអ្នកជំនាញចុះធ្វើការផ្សព្វផ្សាយអប់រំប្រជាកសិកដាំបន្លែដោយធ្វើការចងក្រងកសិករដាំបន្លែទាំងអស់ទៅជាប្រព័ន្ធថ្មីមួយ និងចុះកុងត្រាបញ្ជាទិញដើម្បីធ្វើការផ្គត់ផ្គង់នៅលើទីផ្សារបន្លែ ដើម្បីធ្វើយ៉ាងណាឲ្យទីផ្សារបន្លែរបស់ប្រជាពលរដ្ឋមានទីផ្សារល្អតម្លៃខ្ពស់ដែលអាចឲ្យកសិករដាំបន្លែទទួលយកបាន និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងផងដែរ។
សូមបញ្ជាក់ថា កសិករដាំបន្លែនៅក្នុងខេត្តកំពង់ឆ្នាំងមាននៅក្នុងភូមិកោះក្របី និងភូមិកោះត្រឡាច កោះឬស្សីនិងតាមបណ្តាលខ្នងកោះផ្សេងៗទៀតនៅតាមដងទន្លេខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ ann