ក្រសួងសុខាភិបាលប្រទេសសិង្ហបូរីបានបញ្ជាក់ថាបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៨ ករណីបន្ថែមទៀតដែល ធ្វើឲ្យចំនួនសរុបនៅក្នុងប្រទេសតូចមួយនេះឡើងដល់ ៥៨ នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃថ្ងៃព្រហស្បតិ៍នេះ ក្រសួងបានបញ្ជាក់ថាអ្នកឆ្លងថ្មីទាំង ៨ សុទ្ធតែជាអ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺដែលបានរកឃើញថាមានផ្ទុកវីរុសនេះកាលពីពេលកន្លងមក។
អ្នកឆ្លងថ្មីទាំងអស់សុទ្ធតែមិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិន។យ៉ាងហោចណាស់មានករណីថ្មីចំនួន ៥ ដែលត្រូវបានឆ្លងនៅព្រះវិហារ Grace Assembly of God ពីរករណីទៀតបានឆ្លងនៅកន្លែងធ្វើការសំណង់ ហើយករណីដែលនៅសល់ត្រូវបានរកឃើញថាជាសាច់ញាតិរបស់អ្នកជំងឺមុនៗ។
ទោះយ៉ាងណា យោងតាមក្រសួងដដែលបានឱ្យដឹងថាអ្នកជំងឺ coronavirus ចំនួន ១៥ នាក់បានជាសះស្បើយពេញលេញនិងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។ក្នុងចំណោមករណីចំនួន ៤៣ ដែលនៅសេសសល់ដែលកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្នុងនោះមាន ៧ ករណីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕
អត្ថបទ៖ កម្ពុជាថ្មី