ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ សូមជម្រាបជូនសាធារណជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកបានជ្រាបថា ករណីបណ្តឹងចុះថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ (អធិរាជ មហាសាច់) ដែលមានឈ្មោះពិត ហ៊ត ប៉ូ ភេទប្រុស ឆ្នាំកំណើតថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៧៩ កំពុងស្ថិតនៅក្នុងនាទីអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅឡើយ ។
សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ការចូលខ្លួនមកសុំការខន្តីអភ័យទោស ការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងការទទួលនូវការអប់រំណែនាំពីថ្នាក់ដឹកនាំស្នងការដ្ឋាន របស់ម្ចាស់គណនីហ្វេសប៊ុកអធិរាជ មហាសាច់ កាលពី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នំា ២០២០ នោះគឺជាសិទ្ធិ និងកាតព្វកិច្ចដែលសាមីខ្លួនបានធ្វើ ។
ដើម្បីបានជ្រាបច្បាស់អំពីករណីពាក់ព័ន្ធខាងលើនេះ យើងខ្ញុំសូមធ្វើការបង្ហាញជូននូវឯកសារទាក់ទងជាមួយករណី នេះសូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំថា (ជេរប្រមាថហើយសុំទោសរួចខ្លួន) នោះ តែការអនុវត្ត វិធានការបែបនេះនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺមានចេតនាចង់ឲ្យបុគ្គលដែលបានប្រព្រឹត្តិនូវកំហុសឆ្គង ស្គាល់នូវកំហុសរបស់ខ្លួន ហើយហ៊ានទទួលកំហុស និងកែប្រែខ្លួនឲ្យសក្តិសមជាពលរដ្ឋដ៏ល្អនៅក្នុងសង្គម ជាមួយនេះក៏សូមបញ្ជាក់ជូនថា នៅពេលនេះគឺជាឆន្ទានុសិទ្ធិរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងក្នុងការសម្រេចលើពាក្យបណ្តឹងនោះនៅឡើយ ។
ជាចុងក្រោយសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន កុំយកគំរូតាមសកម្មភាពដែលមិនល្អនាំបង្កឲ្យមានកំហុស និងសូមគោរពថ្លែងអំណរគុណ ចំពោះរាល់ការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ចំពោះការបំពេញភារកិច្ចរបស់កងកម្លាំងនគរបាល ក្នុងការបម្រើជាតិ បម្រើប្រជាពលរដ្ឋ ស្របតាមតួនាទីរបស់ខ្លួនដែលច្បាប់បានកំណត់ ដោយសេចក្តីគោរព៕
អត្ថបទ៖ cen