ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលរស់នៅក្នុងភូមិទី៣៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (នៅខាងជើងផ្សារសុវណ្ណា) បាននាំគ្នាលើកបដា សុំដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាលំនៅស្ថានរបស់ពួកគាត់ដែលបានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន រស់នៅទីនេះអស់រយៈពេល១៦ឆ្នាំមកហើយ ត្រូវបានតុលាការសម្រេចឲ្យរុះរើចេញ។ ប្រជាពលរដ្ឋចំនួន១៤គ្រួសារនេះ បាននាំគ្នាលើកបដា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
យោងលិខិត កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តុលាការបានចេញដីកាអនុវត្តន៍ដោយស្ម័គ្រចិត្ត តម្រូវឲ្យប្រជាពលរដ្ឋចំនួន ១៤គ្រួសារខាងលើនេះ ត្រូវរុះរើលំនៅស្ថាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
បើតាមប្រជាពលរដ្ឋ កាលពីឆ្នាំ២០០៤ ពួកគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុនឈ្មោះ កូវ អ៊ាងឡាយ និង អ៊ូ ប៊ន ដោយពិនិត្យទៅឃើញថា ទីតាំងនោះមានលិខិតផ្លូវច្បាប់ត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរ មានសមត្ថកិច្ច។ ពួកគាត់អះអាងថា ក្រុមហ៊ុន កូវ អ៊ាងឡាយ បានទិញដីនៅទីតាំងនោះពីលោក ឥត សារ៉ាត់ ។
ឥឡូវយើងក្រឡេក មកមើល ដើមបណ្តឹង លោក លឹម ស៊ុនលី អាយុ៧៤ឆ្នាំតំណាងអោយ ក្រុមជំនុំយូណាយធីតមេថូធីស្ទកម្ពុជា ដែលបានធ្វើលិខិតទៅសម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មានកំរាស់៤ទំព័រ បានបញ្ជាក់ថា យើងខ្ញំបានព្យាយាម តស៊ូ ប្តឹងការពារ និងទាមទារ យកទ្រព្យសម្បត្តិ ដីឡូ និង ផ្ទះវិឡា ស្ថិតនៅដីឡូត៍ លេខ៣១១ ផ្លូវលេខ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាព្រះវិហារសាសនា នៃក្រុមជំនុំ យូណៃធីតមេថូឌីស្ទកម្ពុជា ជាបន្តបន្ទាប់ រហូតបានឈ្នះក្តីចុងក្រោយ ត្រូវទទួលបាននូវដីឡូ និង ផ្ទះវិឡា តាមអំណាចសាលដីការរដ្ឋប្បវេណីលេខ ២៧៨ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០៤ របស់តុលាការកំពូល ។
លិខិតនោះបានបញ្ជាក់ថា នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០០៥ លោក សុខ រឿនព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានចុះអនុវត្តន៍យកដីឡូ និង ផ្ទះវិឡា នោះមកអោយ លោក លឹម ស៊ុនលី ជាអ្នកកាន់កាប់ គ្រប់គ្រង វិញ ។លិខិតនោះថា ការចុះអនុវត្តន៍នេះ គឺមានតែនៅលើក្រដាស់ ប៉ុណ្ណោះ រហូតដល់មានការវ៉ៃកំទេចចោល សាងសង់ ផ្ទះល្វែងមកដល់ពេលបច្ចុប្បន្ន នេះ ។សូមស្តាប់ លោក លឹម ស៊ុនលី និយាយត្រួសៗនៅព្រឹកថ្ងៃទី ១៤ ខែគុម្ភៈ ឆ្នាំ ២០២០ នេះ