សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ បង្ហាញថា ជប៉ុនបានផ្តល់សម្ភារៈក្នុងសន្និធិ ASEF ដល់កម្ពុជា ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក ។
សេចក្តីប្រកាសព័ត៌មាន ដដែលបន្តថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យដែលរួមមាន អាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ជាដើម។
សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ។ សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។
ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះ ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសឹង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌-សង្គម ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក WHO បង្ហាញថា គិតត្រឹមរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ ប្រជាពលរដ្ឋជប៉ុនបានឆ្លងជំងឺកូរ៉ូណា ចំនួន៣៦៧នាក់ និង បានស្លាប់ម្នាក់ ខណៈអ្នកស្លាប់សរុបចំនួន ១,៥២៦នាក់ ៕