លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាកូនប្រុសលោក ឃឹម ប៊ុនសុង អតីតអភិបាលខេត្តសៀមរាប បានរកឃើញហើយ អ្នកជាប់ពាក់ព័ន្ធការលួចទន្ទ្រានកាប់ព្រៃកោងកាងលិចទឹក និង ព្រៃក្បាលជប់ នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី គឺ មេភូមិស្គន់ និង ពលរដ្ឋ២គ្រួសារ ។
នេះបើតាមការបង្ហាញលទ្ធផលលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ថ្លែងថា ក្រោយពីបានត្រួតពិនិត្យឯកសារយ៉ាងម៉ត់ចត់និងប្រមូលព័ត៌មានបានពេញលេញរួចមក គឺ អាចសន្និដ្ឋានបានថា អ្នកមានទោសកំហុសមុនគេគឺមេភូមិស្គន់ ។ ខុសដោយសារមិនបានរាយការណ៍ ខុសដោយឆ្លើយថាមិនដឹង ទោះបីជាបទល្មើសនេះបានកើតឡើងជាងមួយសប្តាហ៍នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង និង មានទ្រង់ទ្រាយធំនៅក្នុងភូមិ រហូតដល់អ្នកភូមិអស់ជំនឿចិត្ត ទើបសម្រេចចិត្តរាយការណ៍ដោយផ្ទាល់មកលោកជំនួសវិញ។
ជាមួយគ្នានេះ លោកបានតម្រូវអោយមេភូមិចេញលិខិតទទួលស្គាល់ទោសកំហុសរបស់ខ្លួនជាសាធារណៈចំពោះការដែលមិនបានបំពេញតួនាទីការងារអោយបានត្រឹមត្រូវ ។ លិខិតនេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមប្រឹក្សាឃុំបញ្ចប់តួនាទីរបស់គាត់តាមនីតិវិធីច្បាប់ ប្រសិនបើបន្តមានទោសកំហុសផ្សេងៗទៀតនៅថ្ងៃខាងមុខ។
ដោយឡែក មានប្រជាពលរដ្ឋ២គ្រួសារ ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះដោយផ្ទាល់ គឺកាប់ព្រៃលិចទឹកទន្ទ្រានយកដីទាំងគ្មានឯកសារកាន់កាប់ ទោះបីជាបានដឹងហើយថាដីនេះគឺជាព្រៃក្បាលជប់ ដែលនៅមានទឹកជប់ចេញនិងនៅមានព្រៃគ្រប់ដណ្តប់នៅឡើយ។ គ្រួសារទាំង២នេះត្រូវចុះកិច្ចសន្យាប្រគល់ដីទាំងនោះជូនរដ្ឋវិញ និងត្រូវបង់ថ្លៃពិន័យការខូចខាតព្រៃក្នុងចំនួនកំណត់ដោយរដ្ឋបាលព្រៃឈើ យ៉ាងយូរបំផុតក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីយកមកប្រគល់ជូនសហគមន៍នៅក្នុងភូមិស្គន់ ធ្វើការដាំនិងស្តារព្រៃលិចទឹកដែលបានកាប់បំផ្លាញនេះឡើងវិញ។
សូមបញ្ជាក់ថា ចំណាត់ការបែបនេះគឺធ្វើឡើងដោយមានការថ្លឹងថ្លែងនិងយោគយល់ខ្ពស់បំផុតរួចហើយ ។ លោកអភិបាលស្រុកបន្ទាយស្រី នឹងធ្វើការពន្យល់លម្អិតនៅតាមក្រោយ ថាហេតុអ្វីបានជារដ្ឋបាលស្រុកសម្រេចជ្រើសយកជម្រើសបែបនេះ និង ថាតើនឹងមានកើតឡើងប្រសិនបើមានបទល្មើសប្រហាក់ប្រហែលគ្នានេះកើតឡើងជាថ្មីម្តងទៀតនៅក្នុងស្រុកបន្ទាយស្រី។
អ្នកពាក់ព័ន្ធដោយផ្ទាល់ជាមួយទង្វើខុសច្បាប់នេះរួមមាន ៖១-មេភូមិស្គន់: ឃី សុខុម ភេទប្រុស អាយុ៤៩ឆ្នាំ២-អ្នកកាប់ព្រៃគ្រួសារទី១:– ខាំ ហឿន ភេទប្រុស អាយុ៥០ឆ្នាំ (ប្ដីរបស់នួន ប្រន)– នួន ប្រន ភេទស្រី អាយុ៤៨ឆ្នាំ (ប្រពន្ធរបស់ខាំ ហឿន)
៣-អ្នកកាប់ព្រៃគ្រួសារទី២:– ស៊ឹម ស៊ង់ ភេទប្រុស អាយុ៤៦ឆ្នាំ (ប្ដីរបស់ ភុំ ខុំ)– ភុំ ខុំ ភេទស្រី អាយុ៣៨ឆ្នាំ (ប្រពន្ធរបស់ស៊ឹម ស៊ង់)– ប៊ូ សាវី ភេទស្រី (កូនប្រសាររបស់ ស៊ឹម ស៊ង់
– ស៊ឹម វាន់ទុក ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)– ស៊ឹម ខន ភេទស្រី (កូរបស់ស៊ឹម ស៊ង់)– ខាន់ ភេទស្រី (កូនរបស់ស៊ឹម ស៊ង់)– ស៊ឹម វាន់ឌី ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)– ស៊ឹម សាក់ ភេទប្រុស (កូនរបស់ស៊ឹម ស៊ង់)– ង៉ោ សូម ភេទប្រុស (កូនប្រសាររបស់ស៊ឹម ស៊ង់) ៕
អត្ថបទ៖ cpc