រដ្ឋាភិបាលម៉ាឡេស៊ី នៅតែប្រកាសថា អ្នកដំណើរជនជាតិអាមេរិកដែលចាកចេញពីនាវា Westerdam នោះ ត្រូវបានធ្វើតេស្ត និងរកឃើញផ្ទុកវីរុសកូរ៉ូណាថ្មី ក្រោយពីកម្ពុជាទាមទារឱ្យត្រួតពិនិត្យឡើងវិញ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានក្នងស្រុកម៉ាឡេស៊ី malaysiakini ។
មន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah ត្រូវបានដកស្រង់សម្តីតាមសារព័ត៌មាន Malaysiakini ថា ការត្រួតពិនិត្យសុខភាពនៅអាកាសយានដ្ឋានកូឡាឡាំពួរ បានរកឃើញថា អ្នកធ្វើដំណើរពីររូប ក្នុងនោះរួមមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ដែលធ្វើដំណើរពីកម្ពុជា មានអាការៈសុខភាពដែលអាចបង្កឡើងដោយមេរោគកូរ៉ូណាវីរុស។
លោកបានថ្លែងថា៖ «ការធ្វើតេស្តពិនិត្យរកមេរោគ Covid-19 ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ “Institute for Medical Research” ហើយស្ត្រី ជនជាតិអាមេរិក ម្នាក់នោះត្រូវបានរកឃើញថាមានផ្ទុកមេរោគនេះ នៅថ្ងៃទី១៥ ខែកុម្ភៈ»។
ប៉ុន្តែជាមួយនិងការធ្វើតេស្ដពិនិត្យនេះដែរ បានធ្វើឲ្យក្រសួងសុខាភិបាលកម្ពុជា មិនអស់ចិត្តឡើយក៏បានចេញសេចក្ដីប្រកាសព័ត៌មានទាំងកណ្តាលអធ្រាត្រ នៅថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងសុខាភិបាលកម្ពុជា ស្នើឲ្យអាជ្ញាធរម៉ាឡេស៊ី «ពិនិត្យឡើងវិញ» អំពីលទ្ធផលនៃការធ្វើតេស្ត៍លើស្ត្រីជនជាតិអាមេរិករូបនោះ ដើម្បីឲ្យមានភាពសុក្រិត។
រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានយល់ព្រមទទួលសំណើររបស់ក្រសួងសុខាភិបាលកម្ពុជា ហើយក៏បានធ្វើការត្រួតពិនិត្យជាលើកទី២ ប៉ុន្តែលទ្ធផលនៅតែបង្ហាញវិជ្ជមាន ចំពោះស្ដ្រីអាមេរិក វ័យ៨៣ឆ្នាំ ថាអ្នកស្រីពិតជាមានផ្ទុកវីរុសកូរ៉ូណា COVID 19 ពិតប្រាកដមែន ហើយចំពោះប្ដីអ្នកស្រីវិញលទ្ធផលនៅតែបង្ហាញ អវិជ្ជមាន ដដែល។
លោក Noor Hisham Abdullah បានបញ្ជាក់ថា ដំណើរការត្រួតពិនិត្យរបស់អាជ្ញាធរម៉ាឡេស៊ីថា ត្រូវបានធ្វើឡើងតាមស្តង់ដារ «កម្រិតពិភពលោក»។
ស្ត្រីអាមេរិកាំងរូបនេះ គឺជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរចំនួន ជាង ២០០០នាក់ តាមនាវាកម្សាន្ត Westerdam របស់ក្រុមហ៊ុន Holland America Line ដែលរដ្ឋាភិបាលចំនួនបួន រួមមានជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ដោយសារបារម្ភថា អ្នកដំណើរទាំងនោះអាចមានមេរោគកូរ៉ូណា ៕
អត្ថបទ៖ kbn