អង្គការសុខភាពពិភពលោកបានថ្លែងប្រាប់សារព័ត៌មានមួយកាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះថា ប្រទេសកូរ៉េខាងជើងអាចមានអ្នកឆ្លងវីរុសរលាកសួតថ្មី Covid-19 ប៉ុន្តែប្រទេសសមមិត្តចិនមួយនេះព្យាយាមលាក់បាំង មិនបានរាយការណ៍ពីការឆ្លងណាមួយនោះឡើយ។
ប្រទេសកូរ៉េខាងជើងបានកាត់ផ្តាច់បណ្តាញភ្ជាប់ស្ទើរតែទាំងអស់ទៅនឹងពិភពខាងក្រៅ ដើម្បីឆ្លើយតបទៅនឹងវីរុសដែលឆ្លងខ្លាំងដែលបានសម្លាប់មនុស្សជាង ១៧០០ នាក់ និងឆ្លងជាង ៧០,០០០ នាក់ ដែលសំខាន់បំផុតនៅជាប់ប្រទេសចិន។ នៅក្នុងនោះដែរ ប្រទេសកូរ៉េខាងជើងបានហាមឃាត់ភ្ញៀវទេសចរបរទេស បញ្ឈប់ការហោះហើរនិងផ្តល់សេវារថភ្លើងជាមួយប្រទេសជិតខាងរបស់ខ្លួន និងអនុវត្តការដាក់ឱ្យនៅដាច់រយៈពេល ៣០ ថ្ងៃសម្រាប់ជនបរទេសដែលមកដល់។
ដោយដកស្រង់តួលេខពីក្រសួងសុខាភិបាលកូរ៉េខាងជើង អង្គការសុខភាពពិភពលោកបានប្រាប់ រ៉យទ័រថា អ្នកដំណើរចំនួន ១៤១ នាក់ដែលចូលទៅក្នុងប្រទេសកូរ៉េខាងជើងបានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះ បន្ទាប់ពីបានបង្ហាញរោគសញ្ញាគ្រុនក្តៅ។ ក្នុងនោះគឺចេញពីក្រុមអ្នកទេសចរ ៧,២៨១ នាក់ដែលបានចូលមកប្រទេសនេះនៅថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៩ និងថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២០ នេះបើយោងតាមតួលេខរបស់កូរ៉េខាងជើង។
ពាក់ព័ន្ធនឹងតួលេខនេះ អង្គការសុខភាពពិភពលោក WHO បានអះអាងថា កូរ៉េខាងជើងព្យាយាមលាក់បាំងពីការឆ្លងវីរុសរលាកសួតថ្មី Covid-19 មិនឱ្យពិភពលោកបានដឹង៕
អត្ថបទ៖ cpc