អ្នកដំណើរចេញពីនាវា Westerdam ដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ពេលនេះកំពុងតែធ្វើដំណើរទៅប្រទេសថៃ ជាបន្តបន្ទាប់ពេលនេះត្រូវបានអាជ្ញាធរថៃ ដាក់ការត្រួតពិនិត្យយ៉ាងតឹងតែងជាទីបំផុតនៅតាមអាកាសយានដ្ឋានចំនួន៣
ដែលបង្កឲ្យមានការព្រួយបារម្ភអាចមានអ្នកដំណើរឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ Covid-19បន្ទាប់ពីមានព័ត៌មានពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរកឃើញអ្នកដំណើរស្រីវ័យ៨៦ឆ្នាំម្នាក់ ជនជាតិអាមេរិក ចេញពីនាវា Westerdam មានផ្ទុកវីរុស Covid-19។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook ។
លោកសាក់សៀមសាជីឆៃ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានលាតត្រដាងនូវករណីភ្ញៀវដែលបានធ្វើដំណើរចេញពីអាកាសយានដ្ឋានភ្នំពេញ ចូលតាមអាកាសយានដ្ឋានសុវណ្ណភូមិ ចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ និងអ្នកដំណើរមិនតិចជាង ១២ នាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃ ជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ ដែលមានដូចជា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways TG5៨៥ Emirates និង Bangkok Airways ។
ជាមួយគ្នានេះដែរ ក្រុមប៉ូលីសអន្តោប្រវេសន៍ថៃ បានចូលរួមសហការជាមួយក្រុមការងារត្រួតពិនិត្យជំងឺឆ្លង ហើយដាក់ការត្រួតពិនិត្យយ៉ាថម៉ត់ចត់នៅតាមព្រលានយន្ដហោះនានាទូទាំងប្រទេស ក្នុងនោះមាន ព្រលានយន្ដហោះសុវណ្ណភូមិ ដុងមឿង និងភូកេត ព្រមទាំងបានដាក់ប្រព័ន្ធជ្រើសរើសអ្នកដំណើរផងដែរ (Entry screening)។
គ្រប់ព្រលានយន្ដហោះទាំងអស់ នឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យចាប់ពីម៉ោង១២ រំលងអាធាត្រ ថ្ងៃទី១៤ រហូតដល់ថ្ងៃទីទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជ្រើសរើសអ្នកដំណើរណាដែលឆ្លងជំងឺដាក់ដោយឡែកពីគេ។
ចំណែកជើងយន្ដហោះ TG585 ធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅព្រលានយន្ដហោះសុវណ្ណភូមិ មានអ្នកដំណើរចុះពីនាវាទេសចរណ៏ Westerdam ២៧នាក់ ក្រោយពីបានឆ្លងកាត់ការត្រួតពិនិត្យពុំមាននរណាម្នាក់មានអាការៈមិនប្រក្រតី ឆ្លងវីរុស Covid-19 អ្វីឡើយ។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានអនុញ្ញាតឲ្យធ្វើដំណើរបន្តទៅតាមប្រទេសកំណើតរៀងៗខ្លួន ៕
អត្ថបទ៖ kbn