សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថា កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam បើសាម៉ីប្រទេសគេមិនទទួល។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា “ចំពោះនាវាទេសចរណ៍ ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ ទីសុវត្ថិភាព ក្នុងទឹកដីកម្ពុជាហើយ បើសាម៉ីប្រទេសគេ មិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែ ពួកគេ”។
កាលពីព្រឹកមិញថ្ងៃទី ១៧ ខែកុម្ភ: ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពី ជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី) ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកអោយមានការភ័យតក់ស្លុតរហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថាជំងឺពិតប្រាកដដែលយើងកំពុងប្រឈមមុខជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២២០០ នាក់ដែលបានបដិសេធដោយប្រទេសនិងកោះចំនួន៦ មិនអោយចុះចត
ដែលនៅក្នុងនាវាដ៏ធំនេះក៏មានពលរដ្ឋអាមេរិកជាង៦០០នាក់ផងដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ធអាមេរិក ក៏មិនត្រូវបានអនុញ្ញាត្តិអោយចុះចតដែរ។ តើយ៉ាងម៉េចបានជាសាម៉ីប្រទេស និងសាម៉ីកោះទាំងនោះសម្រេចបែបនេះទៅរួច? ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ឋិរស់រានមានជីវិតគ្មានផងនោះ?
ការសម្រេចចិត្តរបស់កម្ពុជាក្នុងការទទួលនាវាទេសចរណ៍ MS Westerdam អោយចុះចតនៅក្រុងព្រះសីហនុក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៍ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់។
ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោកបានគាំទ្រនូវកាយវិកាមនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការសុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គការឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump
ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ នៅពេលនេះចំនួនអ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាពថាគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាម៉ីប្រទេសគេមិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភាពក្នុងប្រទេសយើងហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយក្នុងពេលអញ្ជើញទទួលអ្នកដំណើរទេសចរទាំងអស់នៅខេត្តព្រះសីហនុថា បើមានអ្នកទេសចរណាម្នាក់ មានឆ្លងឬផ្ទុកមេរោគកូវីដ-១៩ គឺ សម្តេចតេជោ អនុញ្ញត្តិអោយចូលកម្ពុជាអោយបានលឿនមុនគេបំផុត ហើយនាំទៅកន្លែងមានសុវត្ថិភាពដើម្បីផ្តល់ការមើលថែនិងព្យាបាលអោយបានទាន់ពេលវេលាដែលអាចធ្វើទៅបាន។
ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់មិនអោយមេរោគឆ្លងរាលដាលទៅអ្នកដទៃទៀតដូចដែលបានកើតឡើងនៅក្នុងនាវាទេសចរណ៍ Diamond Princess ដែលពេលថ្មីៗនេះគឺទើបសម្រេចយកអ្នកទេសចរចេញពីនាវាដោយសារមានអ្នកឆ្លងមេរោគកូវីដ១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើងៗរហូតដល់៣៥៦ នាក់។
បើកម្ពុជាមិនទទួលនាវានេះអោយចុះចតទេ ម៉្លេះមកទល់ពេលនេះមិនដឹងជារសាត់អណ្តែតទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់នៃជីវិតពួកគេនឹងត្រូវបូជានៅលើកប៉ាល់ ឬបោះទម្លាក់ចោលក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធមិនទទួលពួកគេអោយចុះចត?
តែកម្ពុជាមិនអាចបិទភ្នែកទុកអោយពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវបានគេមើលងាយនិងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់អំពីអារម្មណ៍បែបនេះចំពោះអ្នកទេសចរទាំងអស់នោះ។ យើងទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើងគឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុកំពុងនាំទៅដល់ការបំផ្លាញសិទ្ធិមនុស្សពិតប្រាកដ។
បើតាមគម្រោងដែលបានគិតក្នុងការជួយដល់អ្នកទេសចរទាំងអស់ គឺក្រោយពេលអ្នកទេសចរវគ្គទី១ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងទីក្រុងភ្នំពេញបានចាកចេញពីកម្ពុជាហើយ គឺនឹងដឹកអ្នកដែលកំពុងរង់ចាំនៅក្នុងនាវាទេសចរណ៍ក្នុងខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញជាបន្តទៀតរហូតដល់អស់។ អ្នកដំណើរទាំងអស់នឹងត្រូវដាក់អោយពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត មុននឹងអនុញ្ញាត្តិអោយមកស្នាក់នៅតាមសណ្ឋាគារ។ បើទោះបីត្រូវការចតរយៈពេលវែងយ៉ាងណាក្តី ក៏កម្ពុជាផ្តល់ឱកាសអោយនាវាទេសចរណ៍នេះបន្តស្នាក់នៅកម្ពុជាដោយមិនគិតពីថ្លៃចត និងថ្លៃសេវាផ្សេងៗនៅក្នុងដែនសមុទ្រកម្ពុជាដែរ។
កម្ពុជាទទួលខុសត្រូវលើកិច្ចការដែលខ្លួនកំពុងធ្វើអោយបានហ្មត់ចត់និងល្អបំផុត ហើយបន្តសហការជាមួយអង្គការដៃគូនានា និងសហគមន៍អន្តរជាតិដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើសអើងជ្រុល ដើម្បីលើកស្ទួយតម្លៃសីលធម៌ គុណធម៌ឡើងវិញ និងដើម្បីសិទ្ឋិរស់រានមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរថាទោះបីនៅប្រទេសណាក៏ដោយ មិនថាតែប្រទេសចិនទេប្រសិនបើត្រូវការកម្ពុជា គឺ សម្តេចតេជោ នឹងចូលរួមដោយមិនរារែកឡើយ៕
អត្ថបទ៖ nkdnews