លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ធសហជីពកម្មករ កម្ពុជា បានឱ្យដឹងថា មកទល់ពេលនេះ គ្មានរោងចក្រ ឬ កម្មករកាត់ដេរណាមួយ ត្រូវបានព្យួរការងារ ដោយ សារការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ ហៅកាត់ (EBA) ឡើយ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយ BTV បាន បញ្ជាក់ថា បច្ចុប្បន្ន ដោយសារឧបទ្ទវហេតុ នៃការរីករាលដាលនៃវីរុស កូវីដ១៩ រោងចក្រផ្តល់វត្ថុធាតុដើម ពុំបានបំពេញតម្រូវការដូចសព្វដង ទើបធ្វើឱ្យសង្វាក់ផលិតកម្ម មានការថមថយ ដែលនេះជាមូលហេតុ តែមួយ ដែលបង្កភាពយឺតយ៉ាវដល់ផ្នែកផលិតកម្ម នៃវិស័យវាយនភណ្ឌ។ តែទោះជាយ៉ាងណាក៏ដោយ លោក បានបញ្ជាក់ អះអាងថា មកទល់ពេលនេះ មិនទាន់មានរោង ចក្រកាត់ដេរណាមួយ ឬ កម្មករណាម្នាក់ ត្រូវបានព្យួរការងារនៅឡើយទេ។
លោក សោម អូន បានបញ្ជាក់ទៀតថា ចំពោះរោងចក្រមួយចំនួន ដែលនឹងគ្រោងព្យួរការងារកម្មករ ចំនួន ១ខែ ឬ២ខែ គឺជាទម្លាប់ធម្មតា ដែលបញ្ហានេះ តែងតែបានកើតឡើងជារៀងរាល់ឆ្នាំ ពីព្រោះរោងចក្រ មួយចំនួន ដេរសំលៀកបំពាក់ តាមរដូវកាល និងរោងចក្រមួយចំនួន អ្នកបញ្ជាទិញ ផ្តល់ផលិតផលឲ្យធ្វើ ដោយធ្វើកិច្ចសន្យាខ្លីៗ ដែលពេលខ្លះ ផលិតឲ្យអ្នកបញ្ជាទិញមួយរួចហើយ គឺត្រូវការផ្អាកការងារសិន ដើម្បីរង់ចាំអ្នកបញ្ជាទិញថ្មី។
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ ធ្លាប់បានបញ្ជាក់ជុំវិញស្ថានភាព ដែលបានកើតឡើង ក្នុងពេល ថ្មីៗនេះ គឺជំងឺវីរុសកូវីដ១៩ នៅប្រទេសចិន ជាផ្នែកមួយផងដែរ ដែលនឹងធ្វើឲ្យរោងចក្រខ្លះ អាចនឹងព្យួរការងាររយៈពេលខ្លី នាពេលខាងមុខ ពីព្រោះរោងចក្រផលិតវត្ថុធាតុដើមនៅប្រទេសចិន បានផ្អាកការងារ ដូច្នេះវត្ថុធាតុដើមប្រមាណ៧០ភាគរយ ដែលកម្ពុជា ពឹងផ្អែកនាំចូលពីប្រទេសចិន នឹងត្រូវជួបបញ្ហា ប្រឈមជាបណ្តោះអាសន្ន ក្នុងរយៈពេលខ្លី៕
អត្ថបទ៖ btv