ក្រសួងកសិកម្ម ក្រៅពីចេញនូវ សារាចរ ណែនាំស្ដីពី វិធានការទប់ស្កាតជំងឺផ្ដាសាយបក្សី ចំនួន ៨ចំណុច កាលពីប៉ុន្មានថ្ងៃមុននេះ ក្រសួងក៏បានព្រមានធ្ងន់ៗ ដល់ក្រុមហ៊ុន រឺក៏ឈ្មួញដែលនាំចូល សាច់សត្វ ដែលរាប់បញ្ចូលទាំងបក្សី ដែលល្មើស និងមន្ត្រីអសមត្ថភាព ដែលនេះជាវិធានការតឹងរឹងទប់ស្កាត់ មិនឱ្យជំងឺផ្ដាសាយបក្សី រាតត្បាតចូលមកកម្ពុជានោះទេ។
ក្នុងឱកាសចូលរួមក្នុងការបិទសន្និបាត បូកសរុបការងាររបស់ នាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វកាលពីល្ងាចថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន បានព្រមានធ្ងន់ដល់ក្រុមហ៊ុននាំចូលសាច់សត្វ រាប់បញ្ចូលទាំងសត្វបក្សីដែលល្មើស ទាំងមន្ត្រីដែលអសមត្ថភាពក្នុងការទប់ស្កាត់ការនាំចូលទាំងនោះ។ ការព្រមានបែបនេះ ធ្វើឡើងស្របពេលដែល ជំងឺផ្ដាសាយបក្សីបានកើតមានឡើងនៅ ភាគខាងត្បូងប្រទេសវៀតណាម។
ឯកឧត្តម បានបញ្ជាក់ថា នឹងដកអាជ្ញាប័ណ្ណអាជីវកម្មរបស់ក្រុមហ៊ុននាំចូលទាំងនោះ បើសិនជាមិនគោរពតាម សារាចរណែនាំ រឺច្បាប់ ដែលបានកំណត់ក្នុងការនាំចូល និងបង្ករឱ្យមានការខាតបង់ រឺប៉ះពាល់នានា ដល់ប្រជាកសិករក្នុងប្រទេស។
ក្រៅពីព្រមានដល់ក្រុមហ៊ុនអាជីវកម្មនាំសាច់សត្វចូលមកកម្ពុជាទាំងនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏មិនលើកលែងចំពោះ មន្ត្រីដែលអសមត្ថភាពនោះទេ ពោលគឺប្រើគោលការណ៍វះកាត់ ដោយអនុវត្តទោសទណ្ឌមន្ត្រីនោះ ទៅតាមច្បាប់ដែលកំណត់ និងច្បាប់ទាក់ទងមួយចំនួន។ ឯកឧត្តម បញ្ជាក់ថា ការអនុវត្តតឹងរឹងនេះ គឺដើម្បីផលប្រយោជន៍រួមរបស់សង្គមជាតិ។សព្វថ្ងៃជំងឺផ្ដាសាយបក្សីបានកើតឡើងនៅភាគខាងត្បូង នៅប្រទេសវៀតណាមក្ដី តែករណីនេះពុំទាន់ មានកកើតឡើងនៅកម្ពុជានោះទេ។
តាមការលើកឡើងបន្ថែមរបស់ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានបញ្ជាក់ដែរថា កម្ពុជានឹងអាចគ្រប់គ្រង ករណីនេះមិនឱ្យកើតឡើងនៅកម្ពុជានោះទេ។ ការលើកឡើងដូចនេះ ដោយឯកឧត្តមបញ្ជាក់ថា សព្វថ្ងៃកម្ពុជាពុំមាន ការនាំចូលបក្សីពីប្រទេសវៀតណាមនោះទេ ការនាំចូលបក្សីគឺមកពីប្រទេសថៃ។
ម្យ៉ាងវិញទៀត ឯកឧត្តម បញ្ជាក់ថា ទាំងប្រទេស វៀតណាម និងកម្ពុជា សុទ្ធតែស្ថិតនៅក្រោម ដំបូលអង្គការសុខភាពសត្វពិភពលោក ដែលមានកិច្ចសហការ ជាមួយគ្នាជិតស្និទ្ធក្នុងការដោះស្រាយ។ ជាពិសេសពេលករណីបែបនេះ កើតឡើង ប្រទេសវៀតណាម បានធ្វើការកំណត់ ព្រំដែនច្បាស់លាស់ ក្នុងការហាមការធ្វើចរាចរណ៍បក្សី និងកំណត់ព្រំដែន ក្នុងតាមដានអង្កេតលើករណីនេះ៕
អត្ថបទ៖ btv