សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល ដែលទាមទារឱ្យប្តីប្រពន្ធក្នុងតំបន់ផ្ទុះវីរុសកូរ៉ូណាដេកនៅគ្រែផ្សេងគ្នា បានបង្កឱ្យមានរឿងចម្រូងចម្រាសក្នុងប្រទេសចិន។បទបញ្ជានេះត្រូវគេនិយាយថាធ្វើឡើងដោយពួកមន្ត្រីមកពីសហគមន៍មួយក្នុងទីក្រុងសៀននីងក្នុងខេត្តហ៊ូប៉ី ដែលជាចំណុចស្នូលនៃការរាលដាលវីរុសកូរ៉ូណា។
ឯកសារដែលចរាចរពេញបណ្តាញសង្គម បានបង្ហាញអាជ្ញាធរមូលដ្ឋានទាមទារឱ្យប្តីប្រពន្ធត្រូវដេកឆ្ងាយពីគ្នាចាប់ពីថ្ងៃទី១៧កុម្ភៈតទៅ។ អ្នកនាំពាក្យម្នាក់បាននិយាយថា ច្បាប់នេះអនុវត្តតែចំពោះអ្នកដែលសង្ស័យកើតជំងឺកូរ៉ូណាប៉ុណ្ណោះ។
យោងតាមសារាចរនេះបានឱ្យដឹងថា គោលនយោបាយនេះគឺអនុម័តដោយមន្ត្រីថ្នាក់កំពូលបំផុត និងមានបំណងទប់ស្កាត់ទាំងស្រុងនូវការរាលដាលនៃវីរុស។សារាចរនេះទាមទារឱ្យអ្នកស្រុកដេកនិងហូបចុកនៅឆ្ងាយពីសមាជិកគ្រួសារដទៃទៀត ពាក់ម៉ាស់មុខនៅផ្ទះ និង ស្ទង់កម្តៅរាល់ថ្ងៃ។
អ្នកស្រុកក៏ត្រូវបានហាមឃាត់មិនឱ្យចេញពីផ្ទះខ្លួនឯងនោះដែរ ដរាបណាត្រូវចេញទៅមន្ទីរពេទ្យ។ យោងតាមច្បាប់ថ្មីនេះ ទំនិញចាំបាច់នឹងត្រូវទិញនិងដឹកជញ្ជូនដោយមន្ត្រីរៀងរាល់៥ថ្ងៃម្តង។
ការទាមទារឱ្យធ្វើដូច្នេះបានបង្កឱ្យមានរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គម Weibo ដោយអ្នកលេងអ៊ីនធឺណេតម្នាក់បានថ្កោលទោសពួកមន្ត្រីថា “ម៉េចក៏ទៅជ្រៀតជ្រែកគេតាមដានគេតាំងពីការដេកនៅគ្រែផ្សេងឬអត់ទៀតនុះ?”។
អ្នកលេងអ៊ីនធឺណេតម្នាក់ទៀតបន្ទរតាមពីក្រោយថា “ចុមយក្ស ចុះបើយកអ្នកស្ម័គ្រចិត្តទៅយាមគេដេកនៅកណ្តាលទៀតម៉េចដែរ!”។អ្នកទីបីបានសរសេររិះគន់ថា “ផ្ទះតែមួយខ្យល់តែមួយ។ តើវិធានការទាំងនេះមានប្រសិទ្ធភាពដែរ?”។
ក៏មានអ្នកគាំទ្រវិធានការនេះដែរ ដោយខ្លះសរសេរថា “វាជារឿងល្អទេ។ វាល្អសម្រាប់អ្នកនៅបង្ខាំងក្នុងផ្ទះ កុំនៅបន្ទប់រួមគ្នា ដើម្បីបង្ការកុំឱ្យឆ្លងរាលដាល”៕
អត្ថបទ៖ រស្មីកម្ពុជា