អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទថ្មី COVID-19 បានរាយការណ៍ថាមានអ្នកស្លា ប់ថ្មីចំនួន១១៥នាក់។ បើគិតត្រឹមម៉ោង៨ ព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ នេះដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លា ប់ទាំងអស់កើនដល់២ ២២៤នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៧៦ ១៨៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានSouth China Morning Post។
អ្នកស្លាប់ដោយវីរុសកូវីដ COVID-19 ភាគច្រើនបំផុតនៅក្រុងវូហាន ខេត្តហ៊ូប៉ី ហើយតំបន់រដ្ឋបាលពិសេសចិន គឺហុងកុងមាន២ករណី និងតៃវ៉ាន់មាន១ករណី។ក្រៅពីចិន មាននៅអ៊ីរ៉ង់២ករណី ជប៉ុន៣ករណី (អ្នកដំណើរលើនាវា Diamond Princess ២ករណី) ហើយក្រោយមកស្លា ប់ទាំង២នាក់ បន្ទាប់មកមាន បារាំង ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ដែលមាន១ករណីរៀងៗខ្លួន។
ជាមួយគ្នានេះផងដែរ អ្នកជំងឺជាង១២ ០០០នាក់នាក់ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រមាណជាង១៧ ៧៨០នាក់ដូចគ្នា បានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ នេះបើតាមបច្ចុប្បន្នភាពនៃទិន្នន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន។
ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សអាជ្ញាធរចិន បានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ។ វិធានការណ៍តឹងរ៉ឹងរួមមានការគ្រប់គ្រងចលនារបស់អ្នកស្រុកនិងយានយន្តនិងការរឹតត្បិតការចូលទៅកាន់សហគមន៍លំនៅដ្ឋាននិងសមាសធាតុនានាកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕
អត្ថបទ៖ kbn