ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Wan Ismail បានអះអាងថា ស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរលើនាវាកម្សាន្ដយក្យ Westerdam ហើយមានផ្ទុកវីរុស COVID-19 ឥឡូវនេះលែងមានវីរុសក្នុងខ្លួនទៀតហើយ។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
លោកស្រីបានបញ្ជាក់ទៀតថា ទោះបីជាស្ដ្រីរូបនេះធ្វើការពិនិត្យលែងមានវីរុសទៀតហើយក្ដី ក៏ប៉ុន្តែខាងក្រសួងសុខាភិបាលម៉ាឡេស៊ី ត្រូវវបន្តស្នាក់នៅមន្ទីរពេទ្យមួយរយៈពេលទៀតសិន ដើម្បីតាមដានពិនិត្យសុខភាព។
ស្ត្រីជនជាតិអាមេរិកដែលជាអ្នកដំណើរលើនាវា Westerdam នោះ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ ហើយលទ្ធផលបង្ហាញថា មិនមានវីរុសដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ (COVID-19) ឡើយ។ ស្រ្តីវ័យ៨៣ឆ្នាំនេះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ។នេះបើតាមការលើកឡើងរបស់អ្នកស្រី Wan Azizah Wan Ismail។
អ្នកស្រីបានបញ្ជាក់ថា «ការធ្វើតេស្តរបស់អ្នកស្រី បានចេញមកអវិជ្ជមាន» ការអះអាងបែបនេះត្រូវបានផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ប៉ុន្តែ អ្នកជំងឺរូបនេះ បន្តស្ថិតនៅមន្ទីរពេទ្យសិន មុននឹងអនុញ្ញាតឲ្យចាកចេញ។ ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសពីព័ត៌មាននេះក្រោយជំនួបគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក COVID-19។
គួរបញ្ជាក់ដែរថា បើគិតត្រឹមម៉ោង៨ ព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ នេះដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់២ ២២៤នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៧៦ ១៨៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានSouth China Morning Post។
អត្ថបទ៖ kbn