ស្ត្រី២នាក់ដែលគេស្គាល់ថា ជាគ្រូបង្រៀននៅនៅវិទ្យាល័យកំពង់ធំ បានជួបទុក្ខធំ ដោយសារភ្លើងឆេះផ្ទះអស់សល់តែផេះ ដែលអ្នកគ្រូទាំង២នាក់បានខិតខំប្រឹងប្រែងដោយ កម្លាំងញើសឈាមសុទ្ធសាធ ត្រូវបានមិត្តភក្តិ និងមិត្តរួមការងារ ប្រកាសស្វែងរកថវិកាដើម្បីជួយសម្រាលបន្ទុក។
បើតាមហ្វេសប៊ុក ឈ្មោះ “លោកថៅកែតុង” បានបង្ហោះសារកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ថា “សូមបងប្អូនគ្រប់អតីតសិស្សវិទ្យាល័យកំពង់ធំ គ្រប់ជំនាន់ មេត្តាជួយអ្នកគ្រូលី ប៊ុនថា តាមសទ្ធាផង ព្រោះថាកាលពីរសៀលថ្ងៃមានអគ្គីភ័យឆេះផ្ទះអ្នកគ្រូអស់គ្មានសល់ រួមទាំងទ្រព្យក្នុងផ្ទះអស់រលីង ហើយ អាចទាក់ទងតាមលេខខ្ញុំបាទ 017958883/ 099679899/ 093233338 #17/02/2020#”។
ចំណែកហ្វេសប៊ុកឈ្មោះ “Seula Ouk” ក៏បានបង្ហោះសារកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ថា “សូមបងប្អូនដែលធ្លាប់បានរៀននៅវិទ្យាល័យកំពង់ធំ យើងទាំងអស់គ្នា ឲ្យបានជ្រាបថា អ្នកគ្រូ 2រូបមានទុក្ខជាទម្ងន់ ដោយបានឆេះផ្ទះអស់ក្នុងនោះដែរ អ្នកគ្រូលី ប៊ុនថា ដែលធ្លាន់បង្រៀនយើងម្នាក់ដែរ ។
សូមជម្រាបដល់មិត្តៗទាំងអស់ផងដែរថា លោកដៀប ប៉ូរ៉ា ជាមិត្តភក្តិបាក់ឌុប២០០៣ ផងដែរ ហើយបច្ចុប្បន្នជាគ្រូបង្រៀននៅវិទ្យាល័យកំពង់ធំ គាត់ជាអ្នកទទួលមូលនិធិឧត្ថម្ភ ថវិកាសម្រាប់ ជួយដល់អ្នកគ្រូ រឺតាមរយះខ្ញុំក៏បានដើម្បីទំនាក់ទំនងបន្ត”។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង16និង30នាទីល្ងាច ថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2020 ផ្ទះប្រជាពលរដ្ឋ៤ខ្នងត្រូវបានអគ្គីភ័យឆេះផ្ទះ និងទ្រព្យសម្បត្តិអស់គ្មានសល់ ស្ថិតនៅចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន3គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន15ឡាន៕
អត្ថបទ៖ នគរធំ