បន្ទាប់ពីប្រទេសម៉ាឡេស៊ី ប្រកាសថា ស្ត្រីទេសចរអាមេរិកអាយុ៨៣ឆ្នាំ មិនមានផ្ទុក COVID19 នៅព្រលប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចតេជោហ៊ុន សែន បានលើកឡើងថា ទម្រាំតែបានយុត្តិធម៌វិបត្តិមនុស្សធម៌ បានកើតឡើងអស់មួយសប្តាហ៍។
ក្នុងនោះ បើសិនជាសម្តេចតេជោ ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី សម្តេចនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវ ដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ ប្រទេស។
ក្នុងសារឆ្លើយតប Comment តាមហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន បានលើកឡើងថា «ហេតុតែពូស្រែកម្តង ហើយម្តងទៀតក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌សម្រាប់កម្ពុជាយើងផងសម្រាប់មនុស្សជាង ២០០០ នាក់នៅលើនាវាផង ពិសេសយុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិកដែលគេចាត់ទុកថាឆ្លង COVID19.19។
ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌បានកើតឡើងអស់មួយសប្តាហ៍។ បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោលដោយសារការធ្វើការខ្ជីខ្ជាខ្វះការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ ប្រទេស។ ប្រទេសយើងក្រ តែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌ នេះ»។
សំណេររបស់សម្តេចតេជោហ៊ុន សែន ខាងលើនេះ បានធ្វើឡើងភ្លាមៗក្រោយកាសែតសឹង្ហបុរី The Straits Times បានចេញផ្សាយនៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ស្ត្រីអ្នកទេសចរអាមេរិកម្នាក់ដែលជាអ្នកដំណើរតាមនាវា Westerdam របស់អាមេរិកដែលទទួលបានតេស្តវិជ្ជមាន ចំពោះវីរុស coronavirus នៅក្នុងប្រទេសម៉ាឡេស៊ីឥឡូវនេះលែងមានផ្ទុកវីរុសនេះទៀតហើយ ក្រោយការធ្វើតេស្តជាច្រើនលើកច្រើនសារ។
សូមជម្រាបជូនថាកាសែត The Straits Times បានស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Wan Ismail មកផ្សាយនៅថ្ងៃសុក្រនេះថា ស្ត្រីអាយុ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh នៅទីក្រុងកូឡាឡាំពួ ត្រូវបានធ្វើតេស្តម្តងហើយម្តងទៀតហើយ លទ្ធផលបានបង្ហាញថាលោកស្រីមិនមានផ្ទុកវីរុសនេះទៀតទេ។
លោកបានឱ្យដឹងថា «ការធ្វើតេស្តរបស់លោកស្រីបានទទួលលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណាលោកស្រីនៅតែត្រូវបានគេរក្សាទុកឲ្យនៅមន្ទីរពេទ្យ ពីព្រោះលោកស្រីមិនមានសុខភាពល្អនៅឡើយ ទេហើយនៅតែមានរោគសញ្ញាផ្សេង។ នៅពេលដែលណាដែលលោកស្រីលែងមានរោគសញ្ញាហើយនោះ លោកស្រីអាចចេញពីមន្ទីពេទ្យ បានហើយ»។
សូមបញ្ជាក់ ស្ត្រីទេសចរអាមេរិករូបនេះ និងប្តីអាយុ៨៥ឆ្នាំបាន ស្ថិតនៅលើនាវា Westerdam ដែលបានចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០។
ប្តីប្រពន្ធនេះ បានធ្វើដំណើរពីកម្ពុជាតាមយន្តហោះទៅកាន់ទីក្រុងកូឡាឡាំពួហើយនៅថ្ងៃទី ១៥ កុម្ភៈ ម៉ាឡេស៊ីបានប្រកាសថា ស្ត្រីអ្នកទេសចរអាមេរិកនេះ កើតជំងឺ COVID19 ខណៈដែលប្តីរបស់គាត់ និង អ្នកដំណើរផ្សេងទៀតជាង ២០០០ នាក់មិនមានបញ្ហាអ្វីនោះទេ។
កម្ពុជាបានស្នើឲ្យម៉ាឡេស៊ីត្រួតពិនិត្យ និងធ្វើតេស្តឡើងវិញ ព្រោះមុនចាកចេញពីកម្ពុជាស្ត្រីអ្នកទេសចរអាមេរិករូបនេះ រួមទាំងអ្នកដំណើរជាង២០០០នាក់ទៀត បានឆ្លងកាត់ការធ្វើតេស្តដោយមានការចូលរួមពីអង្គការសុខភាពពិភពលោក ពេទ្យអាមេរិក និងស្ថានទូតនានា រកមិនឃើញអ្នកឆ្លងជំងឺ COVID19 នេះឡើយ៕
អត្ថបទ៖ ANN