រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា វាគ្រប់គ្រាន់ហើយ និងទទួលយកមិនបានទៀតឡើយ ចំពោះការលើកឡើងអំពីផ្លូវសំបុកមាន់ ការធ្វើផ្លូវគ្មានគុណភាព គ្មានបច្ចេកទេស ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬផ្លូវចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ជាដើម។
ជាមួយគ្នានេះ លោក ប្តេជ្ញាថា នឹងលែងឱ្យមានផ្លូវគ្មានគុណភាព និងគ្មានបច្ចេកទេសទៀតឡើយ ដោយធ្វើយ៉ាងណា គោរពតាមយន្តការគុណភាព និងបច្ចេកទេសជាសំខាន់ ដោយថា ជាតម្រូវការយូរអង្វែងរបស់ពលរដ្ឋ និងចៀសវាងការខាតបង់ថវិកាជាតិលើបញ្ហានេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ក្រសួងនឹងមិនអនុញ្ញាតឱ្យមានការកសាងផ្លូវ ពិសេសផ្លូវជាតិ និងផ្លូវខេត្តធំៗ ខូចគុណភាពទៀតឡើយ។ លោកថា ខាងក្រសួងមានក្រុមការងារពិសេសធ្វើការងារនេះ ព្រមទាំងចាត់វិធានការចំពោះអ្នកទទួលខុសត្រូវលើបញ្ហានេះ ដែលបណ្តោយឱ្យមានការធ្វើផ្លូវគ្មានគុណភាពបន្តទៀត។
លោកមានប្រសាសន៍ថា៖ «ត្រូវធ្វើផ្លូវឱ្យមានគុណភាព ធ្វើផ្លូវឱ្យរឹងមាំ។ ដូច្នេះ យើងបានបង្កើតក្រុមពិសេសអត់ប្រាប់មុនទេ ពីរក្រុមនេះនឹងចុះទៅដោយគ្មានប្រាប់មុន ដោយត្រូវខួងៗ តែមិនគ្រប់លក្ខណៈបច្ចេកទេសទេ ត្រូវទទួលខុសត្រូវ ដូចជាត្រូវពិន័យរដ្ឋបាល។ល។ យើងត្រូវធ្វើអីចឹង។ យើងពង្រឹងបច្ចេកទេសក្នុងការកសាងផ្លូវរបស់យើង មិនអនុញ្ញាតឱ្យសាងសង់ផ្លូវដែលគ្មានគុណភាពទៀតទេ »។
ការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ ក្រោយពេលផ្លូវធ្វើដំណើរនៅកម្ពុជា ពិសេសផ្លូវជាតិ ត្រូវបានពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួនរិះគន់ថា ធ្វើឡើងគ្មានគុណភាព ធ្វើមុខខូចក្រោយ ហើយបញ្ហានេះធ្វើឱ្យរដ្ឋត្រូវខាតបង់ថវិកាសម្រាប់ការជួសជុលផ្លូវទាំងនោះជាថ្មីទៀត ស្របពេលថវិកាដែលធ្វើផ្លូវនៅកម្ពុជាភាគច្រើនជាកម្ចីពីបរទេស។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនេះ នឹងបរាជ័យ ប្រសិនបើរដ្ឋាភិបាលគ្មានយន្តការច្បាស់លាស់ ដូចជា គម្រោងកសាងផ្លូវគ្មានតម្លាភាព គ្មានការចូលរួមពីពលរដ្ឋ និងអ្នកឃ្លាំមើល ព្រមទាំងមិនបានបង្ហាញជាសាធារណៈនោះ ។
បញ្ហានេះ លោកជំរុញឱ្យរដ្ឋាភិបាលមានយន្តការជាក់លាក់ បើកចំហឱ្យមានការចូលរួមយ៉ាងសកម្មពីពលរដ្ឋ និងអង្គការសង្គមស៊ីវិល រាល់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈទាំងឡាយ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ពលរដ្ឋជាម្ចាស់ប្រទេស។
លោកមានប្រសាសន៍ថា៖ «និយាយរួម ប្រសិនបើសង្គមស៊ីវិល ឬប្រជាពលរដ្ឋ អាចចូលរួមក្នុងដំណើរការដេញថ្លៃ។ ពួកគេចូលរួមក្នុងនាមអ្នកឃ្លាំមើល និងទទួលបាននូវព័ត៌មានទាក់ទងឯកសារផ្សេងៗដូចជាស្តង់ដារផ្លូវ តម្លៃ ហើយនិងការចូលរួមក្នុងដំណើរការនៃការផ្តល់សេវា »។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ក្នុងមួយឆ្នាំ ក្រសួងទទួលបានថវិកាជាតិជិត២រយលានដុល្លារសហរដ្ឋអាមេរិក ដើម្បីថែទាំ និងជួសជុលផ្លូវ ដែលស្ថិតនៅក្រោមការគ្រប់គ្រប់របស់ក្រសួងមួយនេះ។
ក្រៅពីកង្វះគុណភាព និងបច្ចេកទេសដែលនាំឱ្យផ្លូវខូច រដ្ឋមន្ត្រីរូបនេះថា បញ្ហាដឹកជញ្ជូនលើសទម្ងន់កំណត់ក៏ជាបញ្ហាប្រឈមខ្លាំងដែលធ្វើឱ្យផ្លូវចាប់ខូច ហើយលោកក៏អំពាវនាវដល់ម្ចាស់រថយន្ត ឬក្រុមហ៊ុនដឹកជញ្ជូនឱ្យគោរពច្បាប់ និងព្រមានចាត់វិធានការដល់ម្ចាស់រថយន្តដែលដឹកលើសទម្ងន់ទាំងនោះ ដោយគ្មានការរើសអើង។
ប៉ុន្តែ សម្រាប់លោក សន ជ័យ មើលឃើញថា ស្ថាប័នរាជការស៊ីវិលមួយនេះនឹងពិបាកចាត់វិធានការចំពោះម្ចាស់រថយន្ត ឬក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយណាដែលមានអំណាច និងមានឥទ្ធិពល។
យោងតាមអង្គការទិន្ន័យអំពីការអភិវឌ្ឍកម្ពុជា ដែលធ្វើបច្ចុប្បន្នភាពចុងក្រោយ ចេញផ្សាយកាលពីចុងខែមេសា ឆ្នាំ២០១៩ ឱ្យដឹងថា ផ្លូវសរុបនៅកម្ពុជា មានប្រវែងជិត៥ម៉ឺនគីឡូម៉ែត្ រ(៤៧,២៦៣) ក្នុងនោះ ៧៤% ជាផ្លូវខេត្តនៅទីជនបទ។
កាលពីខែសីហាឆ្នាំមុន លោក ស៊ុន ចាន់ថុល បានលើកឡើងថា គិតត្រឹមចុងឆ្នាំ២០១៨ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវខេត្ត សរុបប្រវែងជាង ១ម៉ឺន ៦ពាន់គីឡូម៉ែត្រ ត្រូវបានស្ដារ និងស្ថាបនាឱ្យបានប្រសើរជាងមុន៕
អត្ថបទ៖ VOD