នាពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ ចេញពីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសធានាជួយដល់កម្មករ-កម្មការិនី ណាដែលបាត់បង់ការងារ ដោយសារតែរោងចក្ររបស់ខ្លួនត្រូវផ្អាកមួយរយៈ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីវីរុស COVID-19 និងការបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធផ្នែកខ្លះនៃ EBA។
សម្ដេច បានអះអាងថា « រដ្ឋាភិបាល នឹងធានាជួយថែលំនឹងជីវភាពប្រចាំថ្ងៃជូនកម្មករ-កម្មការិនី និង លំនឹងអាជីវកម្មនានា»។ មេដឹកនាំរូបនេះបានបញ្ជាក់ទៀតថា វីរុស COVID-19 និង ការបាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពន្ធ មិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាឡើយ។
មិនត្រឹមតែជួយជ្រោមជ្រែងក្នុងការរកការងារជូនកម្មករ-កម្មការិនី ប៉ុណ្ណោះទេ សម្ដេច ថែមទាំងបានប្រកាស នឹងជួយជ្រោមជ្រែងរោងចក្រណាដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីឲ្យរោងចក្រទាំងនោះ អាចដំណើរប្រតិបត្តិការរបស់ខ្លួនបន្តទៀត ៕
អត្ថបទ៖ kbn