កាលពីពេលថ្មីៗនេះ ប៉ូលីសនគរបាលប៉ុស្តិ៍ឃុំប្រមេរម្នាក់ ប៉ុនប៉ងកាប់ឈើខុសច្បាប់ ត្រូវបានសហគមន៍ និងមន្ត្រីឧទ្យានុរក្សចាប់បាននៅភូមិសាស្ត្រចំការពូសាក់ (UTM 0503711 1531057)នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ កាលពីថ្ងៃទី២១ កុម្ភៈ ២០២០។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VOD។
កាលពីចុងសប្តាហ៍មុន ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ និងសកម្មជនបរិស្ថាន រួមទាំងមន្ត្រីបរិស្ថានផងនោះ សរុបចំនួន១៩នាក់ បានចុះល្បាតដែនជំរកសត្វព្រៃព្រះរការចំនួន៣ថ្ងៃ ដោយបានជួបបទល្មើសព្រៃឈើចំនួន ២៣ករណី ក្នុងនោះប្រទះឃើញគល់ឈើដែលត្រូវបានគេកាប់ចំនួន ១៩កន្លែង ដកហូតរណាយន្តអារឈើបានចំនួន ២គ្រឿង និងកាំភ្លើកែច្នៃចំនួន ២ដើមផងដែរ។ នេះបើតាមកំណត់ហេតុចុះល្បាតព្រៃសកម្មជនបរិស្ថាន។
អនុប្រធានសហគមន៍ជាជនជាតិដើមភាគតិចគួយនៅឃុំប្រមេ អ្នកស្រី រឿង ខាន់ ប្រាប់ឲ្យដឹងថា នៅក្នុងបទល្មើសទាំង២៣ករណីនោះ គឺមានជនល្មើសម្នាក់ដែលមានតួនាទីជាមន្ត្រីប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំប្រមេរ និងបក្ខពួកសរុបចំនួន៣រូប ដែលជិះគោយន្តដឹកសាំង និង រណាយន្តបម្រុងចូលកាប់ឈើ តែលុះពួកគេឃើញក្បួនគោយន្តល្បាតរបស់សហគមន៍ក៏បាននាំគ្នាយកសាំងនិងរណាយន្តលាក់នៅក្នុងព្រៃក្បែរគោយន្តរបស់ខ្លួន លុះក្រុមល្បាតបានរកឃើញនូវសម្ភារទាំងអស់នោះ ពួកគេក៏បានសារភាពថាពិតជារបស់ខ្លួនមែន និងមានបំណងចូលទៅកាប់ឈើនៅក្នុងព្រៃពិតប្រាកដមែន។
ក្រុមល្បាតបាននាំគ្នាដកហូតយកសម្ភារទាំងអស់នោះប្រគល់ទៅអោយក្រុមឧទ្យានុរក្ស និងសូមអំពាវនាវសូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តារឹតបណ្តឹងច្បាប់ និង ចាត់វិធានការចំពោះមន្ត្រីខិលខូចទាំងឡាយណាដែលពាក់ព័ន្ធនៅក្នុងបទល្មើសព្រៃឈើជាបន្ទាន់។
សូមបញ្ជាក់ដែរថា ព្រៃព្រះរការមានទំហំជិត១០ម៉ឺនហិកតា លាតសន្ធឹងជាប់ស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រួមមានស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។ តំបន់ព្រៃអភិរក្សមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាដែនជម្រកសត្វព្រៃព្រះរការ កាលពីខែឧសភា ឆ្នាំ២០១៦ ៕
អត្ថបទ៖ kbn