លោក កែម ថន អាយុ៤៥ឆ្នាំ អ្នកប្រមូលទិញផ្លែល្ពៅពីកសិករ លក់បោះម៉ូយទៅភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បាននិយាយឲ្យដឹងថា ផ្លែល្ពៅក្នុងឆ្នាំនេះ បានធ្លា ក់ថ្លៃនៅក្នុងទីផ្សារ ព្រោះតែគ្មានការនាំចេញទៅប្រទេសថៃ ដោយសារប្រទេសថៃ កសិករគេកំពុងប្រមូលផលផ្លែល្ពៅដូចយើងដែរ គេមិនទិញចូលឡើយ។
ដោយឡែកឆ្នាំមុន ពេលផ្លែល្ពៅនាំចូលទៅ គឺតម្លៃផ្លែល្ពៅរបស់យើងទិញចូលនៅក្នុងស្រុក ផ្លែល្ពៅធំៗ ១គីឡូថ្លៃ ២ ៥០០ រៀល ចំណែកផ្លែល្ពៅតូចៗ ថ្លៃ ១ ២០០ ទៅ ១ ៥០០ រៀល ប៉ុន្តែឆ្នាំនេះ ផ្លែល្ពៅធំៗ ទិញចូល១គីឡូ ថ្លៃតែ ៧ ៥០០ រៀល និងផ្លែល្ពៅតូចៗ ទិញចូលតែ ៣៥០ រៀល តែប៉ុណ្ណោះ។
លោក កែម ថុន បានបញ្ជាក់ឲ្យដឹងទៀតថា លោកជាអ្នកទិញ និងលក់ផ្លែល្ពៅ ចំនួន១០ឆ្នាំមកហើយ អ្នកដាំល្ពៅនៅក្នុងខេត្តកំពង់ឆ្នាំងមិនប្រើគីមីឡើយ ដែលក្នុង១ហិកតា ទទួលផលបានតែពី៥តោន ទៅ៦តោនតែប៉ុណ្ណោះ បើគេដាក់ជីគីមីវិញក្នុង១ហិកតា អាចទទួលផលបានទៅដល់២០តោន។
ចំណែករដូវកាលប្រមូលផលផ្លែល្ពៅនៅក្នុងឃុំឆ្នុកទ្រូនេះ មានរយៈពេល២ខែ គឺ ពីខែ ០២ ដល់ ខែ ០៤ ទើបអស់ ហើយក្នុង១ថ្ងៃៗ បានលក់ចេញទៅភ្នំពេញជាង១០០តោនឯណោះ។ ដោយឡែកដូច្នេះចំពោះផ្លែល្ពៅដែលដាំគ្មានគីមី គឺមានសាច់ស្អិតល្អ ផ្អែមឆ្ងាញ់ណាស់ អ្នកធ្លាប់ហូបល្ពៅដែលដាំឃុំឆ្នុកទ្រូទើបដឹង។ លោកក៏សុំអំពាវនាវផដែរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រ ទិញផ្លែល្ពៅរបស់កសិករខ្មែរ ក៏ដូចជាបានជួយចិញ្ចឹមប្រជាកសិករខ្មែរ នៅទីជនបទដូច្នេះដែរ។
ដោយឡែក ស្ត្រីឈ្មោះ លឹម ផល្លា ជាអ្នកប្រមូលទិញបន្លែនៅផ្សារឆ្នុកទ្រូ លក់ឲ្យម៉ូយទិញយកទៅលក់នៅទីក្រុងភ្នំពេញ ក៏បានឲ្យដឹងដែរថា បន្លែដែលគាត់លក់បោះម៉ូយឡើងឡានចេញទៅក្រៅខេត្ត និងក្រុងភ្នំពេញ បច្ចុប្បន្នមាន ៖ ននោង១ ថ្លៃ ៤០០ រៀល ត្រសក់ស្រូវធំៗ១ ថ្លៃ ២ ៤០០ រៀល ឪឡឹកធំៗ ១ ថ្លៃ ៤ ០០០ រៀល ឯត្រឡាច គឺ ថោកជាងគេ ១ផ្លែថ្លៃតែ២០០រៀលប៉ុណ្ណោះ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងដែរថា នៅក្នុងក្រុងកំពង់ឆ្នាំង បច្ចុប្បន្នមានផ្សារសហគមន៍លក់បន្លែសុវត្ថិភាព គ្មានគីមី ១កន្លែង នៅទូលក្រឡាញ់ដែលមានលក់បន្លែគ្រប់ប្រភេទតាមរដូវកាលដែរ យើងទិញទៅហូបមិនប៉ះពាល់ដល់សុខភាពឡើយ តែមានតម្លៃបន្តិច។ ចំពោះប្រជាកសិករ អាចយកបន្លែដែលដាំដុះគ្មានគីមីទៅលក់នៅក្នុងផ្សារសហគមន៍ខាងលើបាន តែត្រូវធានាថា បន្លែនោះ ពិតជាគ្មានគីមី ទើបមានការគាំទ្រពីអតិថិជន៕
អត្ថបទ៖ កម្ពុជាថ្មី