អាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា មនុស្ស៦០នាក់បន្ថែមទៀត ត្រូវបានក្រុមជំនាញធ្វើតេស្តរកឃើញមេរោគ COVID-19 ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះ សរុបកើនឡើងដល់៨៩៣នាក់ ក្នុងនោះអ្នកជំងឺ០៨នាក់បាន បាត់ ប ង់ ជី វិត។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
នៅក្នុងចំណោមអ្នកឆ្លងថ្មីៗទាំង៦០នាក់នោះ មាន៤៩នាក់ជាអ្នកដែលរស់នៅទីក្រុងដេគូ (Daegu) នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង និងមានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូង បណ្តាខេត្តធំៗសុទ្ធតែមានករណីឆ្លងមេរោគ COVID-19 ត្រូវបានរកឃើញ ហើយក្នុងចំណោមអ្នកឆ្លងថ្មីៗនេះ ក៏មាន០២នាក់ស្ថិតនៅក្នុងទីក្រុងសេអ៊ូល ផងដែរ។ក្រៅពីនេះទីក្រុងប៊ូសាន ក៏ទើបរកឃើញអ្នកឆ្លងថ្មីៗ០៣នាក់បន្ថែមទៀត ខណៈខេត្តគ្យុងជី (Gyeonggi) មាន០៥នាក់។
គួរបញ្ជាក់ថា នៅក្នុងទីក្រុង Daegu ដែលមានប្រជាជនរស់នៅ ២.៥លាននាក់ និងជាចំណុចក្តៅបំផុត នៃការផ្ទុះមេរោគឆ្លង COVID-19 នៅកូរ៉េខាងត្បូង អាជ្ញាធរសុខាភិបាលកំពុងតែរៀបចំបង្កើតមណ្ឌលធ្វើតេស្តសុខភាពបន្ថែមទៀត ដើម្បីទទួលប្រជាជនដែលកំពុងសម្រុកមកធ្វើតេស្ត៕
អត្ថបទ៖ kbn