លទ្ធភាព រកឃើញ ករណី វីរុសកូរ៉ូណា ថ្មី ឬ Covid-19 បន្ថែម នៅក្នុង ប្រទេសកម្ពុជា អាចនឹងកើតមាន ខណៈជំងឺនេះ កំពុងរាតត្បាតនៅក្នុង ទីក្រុង វ៉ូហាន ប្រទេសចិន នៅឡើយ ។ នេះជាការលើកឡើងដោយ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល។
លោក លី សូវ៉ាន់ បានសរសេរ នៅក្នុងហ្វេសប៊ុកថា រហូតដល់ម៉ោង ៩ ព្រឹក ថ្ងៃទី២៣ ខែកុម្ភ : ឆ្នាំ២០២០ថា ពុំទាន់រកឃើញករណីជំងឺ កូរ៉ូ ណាវីរុស ប្រភេទថ្មី បន្ថែមទៀតទេ តែលទ្ធភាពរកឃើញ ករណីបន្ថែមទៀត នឹងអាចកើតមានព្រោះជំងឺនេះនៅតែបន្ត រាតត្បាតនៅឡើយនៅទីក្រុងវូហាន ប្រទេសចិន។ ក្រុម ឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលជាង ២០០០នាក់ កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។
អ្នកនាំពាក្យបន្ថែមថា ក្រុមគ្រូពេទ្យតាមព្រំដែន ( មន្ត្រីចត្តាឡីស័ក ) កំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែន គោគដូចជា ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងនៅតាមអាកាសយាន្តដ្ឋានអន្តរជាតិ ទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយៈម៉ាស៊ីន ស្ទង់កំដៅ និងពិនិត្យសុខភាព។
ចំណែកមន្ទីរពិសោធន៍វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានដំណើរការទាំងថ្ងៃទាំងយប់ធ្វើតេស្ដវត្ថុវិភាគដែលបានផ្ញើវត្ថុវិភាគមកពីទូទាំងប្រទេស និងត្រៀមមន្ទីរ ពិសោធន៍ចំនួនពីរ បន្ថែមទៀតក្នុងក្រសួងសុខាភិបាល ដើម្បីជំនួយក្នុងការធ្វើតេស្ដបន្ថែមទៀត ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានដាក់មន្ត្រីជំនាញចំនួន ១០រូប សម្រាប់កាន់ទូរស័ព្ទដៃដើម្បីទទួលទូរស័ព្ទពីលេខ ១១៥ ដើម្បីទទួលរាយការណ៍ករណី សង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស ប្រសិនសង្ស័យករណី វីរុសកូរ៉ូណាថ្មី ឬ Covid-19៕
អត្ថបទ៖ clicknews