សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ស្អប់ណាស់ ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ។ សម្តេចតេជោ បានថ្លែងថា មន្រ្តីត្រូវរត់រកការងារ មិនត្រូវឲ្យការងាររត់រកយើងទេ។ មន្រ្តីដែលស្មោះត្រង់ ត្រូវបានលើកទឹកចិត្ត និងដំឡើងឋានៈ ជាពិសេសមន្រ្តីគ្រាប់ល្ពៅដែល និយាយភូតកុហកថ្នាក់ដឹកនាំ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ឲ្យនិស្សិតសាលាភូមិន្ទ រដ្ឋបាលជិត ៦០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា “ពាក្យខ្មែរថាសំណាបយោងដីស្រីយោងប្រុស”។ សម្តេចថា ” រឿងនេះសំខាន់សម្រាប់បុរសៗ មន្ត្រីជានារីគឺជារឿងមួយនោះទេ ប៉ុន្តែបើមន្ត្រីជាបុរសត្រូវមានការប្រុងប្រយ័ត្ន នូវបញ្ហាការលូកលាន់ ពីសំណាក់ប្រពន្ធ ហើយត្រូវចាំកន្លែងហ្នឹង ហើយរឿងគួរឲ្យខ្លាចនៅក្នុងប្រទេសយើង ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥” ។
សម្តេចថា “ត្រូវមានការប្រុងប្រយ័ត្ននិងគ្រោះថ្នាក់ ។ មិនថាតែប្រទេសកម្ពុជាទេ ប្រទេសដទៃក៏មានដែរ ។ ប្ដីអាល្អណាស់ធ្វើការប៉ុន្តែប្រពន្ធលូកលាន់ ។ ងាកទៅអាកូនដើរគំរាមកំហែងគេ ប្រើឥទ្ធិពលឪពុក រឿងនេះសុំប្រាំផ្ញើទុកហើយបើសិនជាមន្ត្រី ទូទាំងប្រទេសស្តាប់ឮ សូមឲ្យមានការប្រុងប្រយ័ត្ន ។ ខ្មែរស្អប់ណាស់ ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ។
ជួនកាលប្ដីអត់រកស៊ីទេ បើកឱកាសឲ្យប្រពន្ធរកស៊ី ទៅទីណាក៏មានដីដែរ ។ ហើយធ្វើឱ្យការតែងតាំងមន្ត្រី ទៅមិនរួច ព្រោះតែការលក់ដៃពីរគ្រួសារ។ ហើយមានពាក្យមួយថា ប្ដីមិនសូវអីនោះទេ ណាស់តែមីប្រពន្ធនោះ ប្ដីគាត់ស្រួលតែប្រពន្ធយ៉ាប់តែម្ដង។ មានកន្លែងខ្លះនិយាយថាប្ដីប្រពន្ធគាត់មិនជាអ្វីនោះទេ តែយ៉ាប់អាកូនគាត់នោះតែម្តង ប្រណាំងម៉ូតូប្រណាំងឡាន ហើយប៉ះពាល់វាមិនបានទៀត។ ហើយពេលខ្លះខ្ញុំចេញមុខអន្តរាគមន៍ ។
ចំណុចខ្លះប្ដីអន្តរាយមកពីប្រពន្ធ។ ជួនកាលប្ដីប្រពន្ធល្អ តែកូនមិនល្អ។ សូមឲ្យមន្ត្រីត្រូវយកចិត្តទុកដាក់ធ្វើការ ហើយត្រូវ និយាយជាមួយប្រពន្ធយើង និងកូនរបស់យើង ហើយបើមានចៅគួរតែនិយាយជាមួយចៅរបស់យើងផង។ ហើយនៅពេលដែលឪពុកអស់ពីតំណែង អ្នកខ្លះឆ្កួត អ្នកខ្លះត្រូវដកតំណែង មានប្រជាជនសោកស្ដាយ ឯអ្នកខ្លះថាសាធុទៅចុះ។ នាំឲ្យអន្តរាយនិងមិនត្រូវមើលស្រាលឱ្យសោះ។
យើងត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យកូនចៅរបស់យើងប្រកបដោយគុណធម៌។ កុំប្រើប្រាស់អំណាចរបស់ឪពុក ទៅសង្កត់សង្កិនអ្នកដទៃ ។ ប្រសិនបើយើងធ្វើបានដូច្នេះ យើងមានទឹកមាត់ប្រៃ និយាយទៅកាន់អ្នកដទៃ ប្រសិនបើប្រពន្ធយើងធ្វើមិនល្អ កូនយើងធ្វើមិនល្អ តើយើងមានសិទ្ធិអ្វី ទៅនិយាយជាមួយអ្នកដទៃយ៉ាងម៉េចទៅ។ យើងអប់រំប្រពន្ធមិនបាន យើងអប់រំកូន មិនបាន តើឲ្យយើងទៅអប់រំអ្នកដទៃម៉េចនឹងកើត។ ទឹកមាត់យើងសាបដូចទឹកទន្លេអញ្ចឹង ទៅអប់រំអ្នកណាកើត។ ហើយប្រពន្ធនិងកូន របស់មន្ត្រី ត្រូវតែមានការយោគយល់ របស់ការងាររបស់ឪពុក”។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា “មន្ត្រីខ្លួនឯង ត្រូវចងចាំថាខ្លួនជាអ្នកបម្រើប្រជាជន មិនបានជាចៅហ្វាយរបស់គេទេ ចំណុចនេះ ត្រូវគិតឱ្យបានហើយត្រូវគិតជានិច្ចកាល24ម៉ោងលើ 24 ម៉ោង មិនអាចធ្វេសប្រហែសមួយនាទីណាឡើយ ។ ត្រូវចាំឲ្យច្បាស់យើងមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ យើងគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ចំណុចនេះទើបជាចំណុចដែលអ្នកទាំងអស់គ្នាអាច ក្លាយទៅជាមន្ត្រីដែលល្អ ដែលប្រជាជនផ្ដល់នូវជំនឿទុកចិត្ត បើមិនដូច្នេះទេ
នឹងក្លាយប្រែធាតុទៅជាមន្ត្រីដ៏អាក្រក់ ដែលប្រជាជនស្អប់ខ្ពើម។ រឿងនេះត្រូវមានការប្រុងប្រយ័ត្ន ចំពោះឥរិយាបថ របស់មន្ត្រីមិនត្រូវពើងទ្រូងទេ ត្រូវយល់ឲ្យច្បាស់ថាប្រជាពលរដ្ឋនោះឯង គឺជាគោលដៅដែលយើងត្រូវបម្រើ មិនមែនជាគោលដៅដែលយើងត្រូវបង្ក្រាប ឬក៏ជាគោលដៅដែលយើងត្រូវប្រមាថ ឬក៏ជាគោលដៅដែលយើងមិនត្រូវការ យកចិត្តទុកដាក់នោះទេ ចំណុចនេះត្រូវចាំឲ្យបានមុនដំបូង ធ្វើអ្វីទាំងអស់ ហើយត្រូវរំលឹកខ្លួនឯងជារៀងរហូត ។
បើមន្រ្តីពើង ទ្រូងណាមួយ តែងតែនាំមកនូវក្តីវិនាស នៃមន្ត្រីទាំងនោះ ។ ខំពើងទ្រូងរបស់មន្ត្រី និងខ្វះសីលធម៌ គឺជារឿងដែលប្រជាជនស្អប់ខ្ពើម បន្ថែមពីលើនោះជួនកាលប្រជាពលរដ្ឋ ខឹងគោវាយរទេះ ស្អប់ចៅហ្វាយស្រុក ស្អប់ចៅហ្វាយខេត្ត មកខឹងដល់នាយករដ្ឋមន្ត្រីហ៊ុន សែន ។ រឿងនេះ គឺជារឿងដែលខ្ញុំត្រូវធ្វើការវះកាត់ហើយ ឃើញផ្ដាំផ្ញើថាមិនឲ្យឃើញតែបើឃើញខ្ញុំដាក់ហើយ “។
សម្តេចបានបញ្ជាក់ថា “ខ្ញុំបាននិយាយរួចហើយ កាលពីថ្ងៃមុន នៅក្រសួងមហាផ្ទៃថា ចៅហ្វាយខេត្ត ខ្ញុំប្រើពេលតែ 3 ម៉ោង ចំណែកអនុខេត្ត និងចៅហ្វាយស្រុក ខ្ញុំត្រូវការតែ 15 នាទីទេ សម្រាប់ការដកចេញពីតំណែង។ សម័យនេះ គឺសម័យហ្វេសប៊ុកគឺលឿនណាស់ គឺព័ត៌មានលឿនណាស់ មិនអាចទុកឲ្យបន្ត មន្ត្រីដែលឆ្មើងឆ្មៃ ឬក៏ប្រមាថចំពោះប្រជាពលរដ្ឋ ហើយជាពិសេសពីការមិនស្មោះត្រង់ ជាមួយប្រជាពលរដ្ឋ ធ្វើជាចៅហ្វាយប្រជាពរដ្ឋ “៕
អត្ថបទ៖ cen