រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានបង្ហោះសារមួយនៅលើ Twitter បង្ហាញពីការសម្រេចចិត្តលាលែងរបស់លោក បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ លាលែងចេញពីតំណែង និងស្របពេលស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ ជាអ្នកដំណើរនាវា Westerdam រកពុំឃើញផ្ទុកមេរោគ Covid-19។នេះបើតាមការចេញផ្សាយពីសារព័ត៌មាន The Star នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Dzulkefly Ahmad បានធ្វើឡើងពេលចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទម្សិលមិញ ស្ដីពីអ្នកឆ្លងជំងឺ COVID-19 ដែល បានជាសះស្បើយ ចំនួនពីរនាក់បន្ថែមទៀត ដែលធ្វើឱ្យអ្នកឆ្លងជំងឺនេះសរុបកើនដល់២០នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានបង្ហោះសារយ៉ាងដូច្នេះថា៖ «នេះគឺជាសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីសុខាភិបាល» «This is my last tweet as the health minister. Thank You.”។
ការប្រកាសបង្ហោះសារលាលែងពីតំណែងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល កើតឡើងបន្ទាប់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក US-CDC បានប្រកាសថា ស្រ្តីជនជាតិអាមេរិក វ័យ៨៣ឆ្នាំពីអ្នកដំណើរនាវា Westerdam ពុំមានផ្ទុកមេរោគ Covid-19 ដូចម៉ាឡេស៊ីលើកឡើងនោះទេ។
សូមជំរាបដែរថា កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារមួយនៅលើ Facebook ថា បើសម្តេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពេលនេះសម្តេចនឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាលចោលតែម្តង ដោយសារតែភាពខ្ជីខ្ជា ខ្វះការការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស៕
អត្ថបទ៖ kbn