អាជ្ញាធរសុខាភិបាលកូរ៉េ ខាងត្បូង បានប្រកាសចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈថា ខ្លួនបានរកឃើញករណីជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ១៤២ នាក់បន្ថែម។ តួលេខថ្មីនេះ បានធ្វើឲ្យអ្នកជំងឺសរុប ទូទាំងប្រទេសនេះឡើងដល់ ៣៤៦នាក់ហើយ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន Yonhap ។
ត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះ កូរ៉េខាងត្បូងបានក្លាយជាប្រទេសឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ពីចិន។ កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ អ្នកឆ្លង COVID-19 សរុបចំនួន ១០០នាក់ថ្មី ត្រូវបានរកឃើញ ដោយ៨៥នាក់នៃពួកគេ បានជាប់ពាក់ព័ន្ធនឹងវិហារសាសនាគ្រឹស្ត Shincheonji ក្នុងក្រុង Daegu ភាគខាងត្បូងនៃប្រទេសកូរ៉ខាងត្បូង។ អភិបាលក្រុង Daegu ក្រុងធំបំផុតលំដាប់ទី៤របស់កូរ៉េខាងត្បូង ជាមួយប្រជាជនជាង២,៨លាននាក់ បានអំពាវនាវឲ្យពលរដ្ឋសម្ងំក្នុងផ្ទះ និងបញ្ចៀសការដើរហើរ ប្រសិនបើមិនចាំបាច់។
សូមបញ្ជាក់ថា ប្រទេសចិនទាំងមូល មានករណីឆ្លង COVID-19 ចំនួនជាង៧៦០០០នាក់ ខណៈអ្នកស្លា ប់មាន២៣៤៥នាក់ ។ កូរ៉េខាងត្បូងឈរលេខមួយជាមួយតួលេខថ្មី ៣៤៦នាក់ ខណៈជប៉ុនបន្តពីក្រោយ ១០៩ករណី ហើយសិង្ហបុរីឈរលេខរៀងបន្ទាប់ ៨៦ករណី។ ដោយឡែកអ្នកឆ្លង COVID-19 លើនាវាទេសចរណ៍ដែលចតនៅជប៉ុន Diamond Princess មាន ៦៣៤ ករណី ហើយ២នាក់ស្លា ប់៕