អាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ឲ្យដឹងថា មនុស្ស១៦៩នាក់ បន្ថែមទៀតត្រូវបានក្រុមជំនាញធ្វើតេស្តរកឃើញមេរោគ COVID-19 ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះ សរុបកើនឡើងដល់១ ១៤៦នាក់ ក្នុងនោះអ្នកជំងឺ១១នាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap News នាល្ងាចថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ចង្កោមធំចំនួនពីរនៃការចម្លងជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺព្រះវិហារសាសនាគ្រិស្តមួយនៅទីក្រុង ដេគូ (Daegu) និងនៅមន្ទីរពេទ្យមួយកន្លែងក្នុងស្រុក ឆុងទូ (Cheongdo) នៃខេត្ត គ្យុងសាងខាងជើង (North Gyeongsang) បាននិងកំពុងតែបន្តរីកធំឡើង ដោយតំបន់ទាំងនោះទទួលបន្ទុកប្រមាណ ៧០ភាគរយនៃករណីអ្នកឆ្លង COVID-19 ទាំងអស់នៅកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា នៅក្នុងទីក្រុង Daegu ដែលមានប្រជាជនរស់នៅ ២.៥លាននាក់ និងជាចំណុចក្តៅបំផុត នៃការផ្ទុះមេរោគឆ្លង COVID-19 នៅកូរ៉េខាងត្បូង អាជ្ញាធរសុខាភិបាលកំពុងតែរៀបចំបង្កើតមណ្ឌលធ្វើតេស្តសុខភាពបន្ថែមទៀត ដើម្បីទទួលប្រជាជនដែលកំពុងសម្រុកមកធ្វើតេស្ត៕
អត្ថបទ៖ kbn