អាជ្ញាធរសុខាភិបាលចិន បានបញ្ជាក់នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ នេះថា អ្នកជំងឺសរុបចំនួន២៩ ៩៩៨នាក់ ដែលឆ្លងវីរុសកូរ៉ូណា ត្រូវបានក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយទាំងស្រុង ដោយពួកគេបានចេញពីមន្ទីរពេទ្យ ហើយវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន xinhua ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ។
យោងតាមរបាយការណ៍ប្រចាំថ្ងៃ ចេញផ្សាយដោយគណៈកម្មការសុខាភិបាលជាតិចិន ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជំងឺចំនួន ២,៤២២នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។
ជាមួយគ្នានេះចំនួនករណីឆ្លងថ្មី សម្រាប់តែមួយថ្ងៃអង្គារម្សិលមិញនេះដែរមានចំនួន ៤០៦ករណី ខណៈចំនួនអ្នកស្លា ប់សរុបសម្រាប់ថ្ងៃដដែលនោះ មានចំនួន ៥២នាក់ នៅទូទាំង បណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ប្រទេសចិន។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នេះ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកកើនដល់២ ៧៦៣នាក់ និងអ្នកឆ្លងកើនដល់៨០ ៩៧០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning POst ៕
អត្ថបទ៖ kbn