មន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង អះអាងថា លោក ឈួរ ច័ន្ទរិទ្ធី កូនប្រុសបង្កើតលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ត្រូវជាកូនប្រសាររបស់លោក កែវ ពិសី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង គឺ មានឧបនិស្ស័យ សមត្ថភាព និង ចំណេះដឹង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាអនុប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរមុខងារសាធារណៈខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកុម្ភៈ នេះ ។
សេចក្តីប្រកាសព័ត៌មាន នេះ ធ្វើឡើងក្រោយមានការរិះគន់ថា លោក ឈួរ ច័ន្ទរិទ្ធី កូនប្រុសបង្កើតលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឡើងតំណែងយ៉ាងឆាប់រហ័ស គ្រាន់តែមកបម្រើការនៅមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានប៉ុន្មានខែប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បង្ហើបប្រាប់ CPC NEWS ថា បើសិនមិនមានការប្រែប្រួលទេ លោក ឈួរ ច័ន្ទរិទ្ធី នឹងត្រូវប្រកាសតំណែងជាផ្លូវការ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ ។
បញ្ហាទាំងនេះ ត្រូវបានមន្ត្រីតូចតាចនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លួចខ្សឹបខ្សៀវគ្នាថា “ហេតុតែកូនគេជាកូនអ្នកធំ ជាអ្នកចៅហ្វាយខេត្ត បានឡើងតំណែងរហ័សដូចផ្លេរបន្ទោល” ។ចំណែកមន្ត្រីចាស់ៗវិញ គឺ តំណែងនៅរឹងដូចថ្ម ទោះបីខិតខំបម្រើការងារអស់ជាច្រើនឆ្នាំយ៉ាងណាក៏ដោយ ៕
អត្ថបទ៖ CPC