លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថាប្រាក់កម្ចីពីបរទេស នឹងមិនបង្កជាផលវិបាក និងឧបសគ្គសម្រាប់កម្ពុជានោះទេ សូមប្រជាពលរដ្ឋកុំមានការភ័យបារម្ភចំពោះប្រាក់កម្ចី ព្រោះកម្ពុជានឹងមិនវ័ណ្ឌករនោះឡើយ។ នេះបើតាមការលើកឡើងរបស់ លោក ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកកាសែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៨ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ស៊ុន ចាន់ថុល បានលើកឡើងថា មិនបង្កជាផលវិបាក និងឧបសគ្គព្រោះការគ្រប់គ្រងប្រាក់កម្ចីបរទេសនេះ ស្ថិតក្រោមការគ្រប់គ្រង់របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលធ្វើការគ្រប់គ្រងលម្អិតល្អណាស់។ លោករដ្ឋមន្ត្រី បន្តថាបើប្រៀបធៀបប្រាក់កម្ចី និងផលិតផលសរុប គឺនៅតិចជាង៣០%នៅឡើយ ដោយឡែកបណ្តាប្រទេសមួយចំនួនសុទ្ធតែខ្ចីចាប់ពី ១៥០% ទៅ២០០%នៃផលិតផលសរុបរបស់គេឯណោះ ។
លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថាប្រទេសណាក៏ខ្ចីគេដែរគ្រាន់តែប្រទេសខ្លះខ្ចីតិចប្រទេសខ្លះខ្ចីច្រើនហើយកម្ពុជានៅខ្ចីតិចនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសដទៃ ។ជាមួយគ្នានេះ កម្ពុជាមិនខ្ចីលុយមកប្រើប្រាស់ខ្ជះខ្ជាយ ឬឥតប្រយោជន៍នោះទេ គឺខ្ចីមកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលអាចរកចំណូលជូនជាតិបានថែមទៀត ព្រោះកម្ពុជាទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ មកបណ្តាក់ទុន។
គួរបញ្ជាក់ថា បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ រាជរដ្ឋាភិបាលអាចខ្ចីលុយបរទេសបានប្រមាណជិត២ពាន់លានដុល្លារបន្ថែម ខណៈបំណុលសរុបមានជាង៧ពាន់លានដុល្លារ។ក្នុងនោះកម្ចីពីប្រទេសចិនមានជិត ៥០ភាគរយ។ ដោយប្រាក់កម្ចីនឹងយកទៅប្រើ សម្រាប់អភិវឌ្ឍលើវិស័យសំខាន់ដូចជា ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពមួយចំនួនទៀតដូចជា៖ គម្រោងក្នុងវិស័យកសិកម្ម សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត ហិរញ្ញវត្ថុបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំ៕
អត្ថបទ៖ វាយោ