យោងរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកោះកុង បានអោយដឹងថា នៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ មន្ត្រីសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់នឹងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងទ័ពជើងទឹក នៅលើផ្ទៃសមុទ្រកោះកុងក្រៅ បានធ្វើការឃាត់កប៉ាល់នេសាទ ជនជាតិតៃវា៉ន់ ចំនួន០៤នាក់ ស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
ជនជាតិតៃវា៉ន់ ចំនួន០៤នាក់ ដែលត្រូវឃាត់ មានឈ្មោះដូចខាងក្រោម ៖1. LEE SHIH YUAN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 353…(សុំមិនបង្ហាញ) អាយុ៤៧ឆ្នាំ ។2. LIAW CHUEN SEN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 312… អាយុ៦៤ឆ្នាំ ។3. YEH CHUN-YIN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 313…អាយុ៦៧ឆ្នាំ ។4. MAI SHENG-I ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 315… អាយុ៤២ឆ្នាំ ។
ជនជាតិតៃវ៉ាន់ទាំង៤នាក់ បានធ្វើដំណើរតាមកប៉ាល់នេសាទ ចេញពីកោះតៃវា៉ន់ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ហើយបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនបានចូលចត នៅប្រទេសណាមួយឡើង មុនពេលមកដល់ប្រទេសកម្ពុជា ។
ឆ្លងកាត់ការត្រួតពិនិត្យ តាមបច្ចេកទេសវេជ្ជសាស្ត្រ របស់មន្ត្រីសុខាភិបាលកម្ពុជា មិនមានរោគសញ្ញា ទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី CoVid-19 នោះទេ ពោលគឺ អវិជ្ជមាន ដោយពួកគាត់ មានកំដៅធម្មតា មិនមានបញ្ហាផ្លូវដង្ហើម ។
បច្ចុប្បន្នកប៉ាល់របស់ជនជាតិតៃវ៉ាន់ បានចត នៅលើផ្ទៃសមុទ្រកោះកុងក្រៅ ដើម្បីជួសជុលម៉ាស៊ីនកប៉ាល់ និងស្ថិតក្រោមការតាមដាន របស់កងទព័ជើងទឹកសមុទ្រកោះកុងក្រៅ ៕
អត្ថបទ៖ kbn