នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវាទេសចណ៍បរទេសមួយគ្រឿង មានឈ្មោះ CRYSTAL SYMPHONY បាននាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ចំនួន១៣៣នាក់ ចូលចត នៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីទស្សនា នៅប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ ។
បើតាមប្រភពព័ត៌មាន មន្ត្រីប៉ុស្តិ៍ច្រកទ្វារកំពង់ផែក្រុងព្រះសីហនុ បានឲ្យដឹងថា នាវា CRYSTAL SYMPHONY មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ២៣៨ម៉ែត្រ ទទឹង ៣០.២០ម៉ែត្រ ជម្រៅទឹក ១០.៥០ម៉ែត្រ ខណៈចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ នាថ្ងៃនេះ បានដឹកភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ មានចំនួន១៣៣នាក់ ស្រី៦៨នាក់ (មានដូចជា៖ អាម៉េរិក៧៩នាក់, អង់គ្លេស១៣នាក់, កាណាដា១២នាក់ និងមានភ្ញៀវទេសចរណ៍សញ្ជាតិផ្សេងៗទៀត សរុប១២សញ្ជាតិ) និងមាននាវិក សរុបចំនួន ៥១៦នាក់ ស្រី១៣១នាក់ (មាន៥១សញ្ជាតិ) ។
ប្រភពពីមន្ត្រីនគរបាលដដែល បានបន្តថា នាវានេះ ធ្វើដំណើរចេញពីប្រទេសថៃ ចូលមកកម្ពុជា និងតាមគម្រោង បន្តឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរីទៀត នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ កុម្ភៈដដែលនេះ ។
ទោះជាយ៉ាងណា អ្នកទេសចរណ៍ទាំងអស់ ត្រូវបានមន្ត្រីចត្តាឡីស័ក ពិនិត្យសុខភាពត្រឹមត្រូវតាមវេជ្ជសាស្ត្រ មុននឹងអនុញ្ញាតអោយចុះពីនាវា សម្រាប់ដំណើរកំសាន្ត ទស្សនានៅតាមរមណីយដ្ឋាន ក្នុងខេត្តព្រះសីហនុ តំបន់ឆ្នេរ និងទីប្រជុំជនផ្សារ ។ ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង១៣៣នាក់ មានភ្ញៀវទេសចរណ៍ ចំនួន០៩នាក់ ស្រី០៤នាក់(សញ្ជាតិតែមួយ) បានបន្តដំណើរទៅកម្សាន្ត នៅខេត្តសៀមរាប ដើម្បីទស្សនារមណីយដ្ឋានអង្គរវត្ត ។
មន្ត្រីដដែល បញ្ជាក់បន្ថែមថា នាវាទេសចរណ៍នេះ មានដំណើរដឹកភ្ញៀវទេសចរណ៍ទស្សនាតាមបណ្តាប្រទេសនានាជាធម្មតា ហើយសម្រាប់កម្ពុជា ក៍នឹងមាននាវាទេសចរណ៍បរទេសចូលចតបន្តបន្ទាប់ទៀត ក្នុងរដូវកាលនេះ ៕
អត្ថបទ៖ kbn