ពលករកម្ពុជាធ្វើការនៅក្រៅប្រទេសបានផ្ញើប្រាក់មកក្រុមគ្រួសារនៅក្នុងប្រទេសជិត ២ ៨០០ លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យកម្រិតជីវភាពរបស់ពួកគេកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គិតត្រឹមឆ្នាំ២០១៩នេះ ពលករខ្មែរ ដែលកំពុងធ្វើការ នៅក្រៅប្រទេសមាន ចំនួន ១,២៨៨,០០០ នាក់ ។
ក្នុងចំណោមពលករទាំងអស់ភាគច្រើន គឺបម្រើការងារនៅប្រទេសថៃ ។ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ពាក់ព័ន្ធពលករយើងទៅធ្វើការនៅក្រៅប្រទេស ក្នុងឆ្នាំ២០១៩ សរុបមានចំនួន ១,២៨៨,០០០ នាក់ បើធៀបនឹងឆ្នាំ២០១៨ គឺមាន ១,២៣០,០០០ នាក់ ពោលគឺ កើនឡើងប្រមាណជាង ៥ ម៉ឺននាក់ ។
តាមរយៈបងប្អូន ដែលធ្វើការនៅក្រៅប្រទេសនេះ យើងឃើញ បងប្អូនបានផ្ញើប្រាក់ ដែលសល់ពីការចាយវាយជាក់ស្ដែង នៅប្រទេសទាំងនោះ បានផ្ញើមកស្រុកយើងវិញ ប្រហែលជិត ២ ៨០០ លានដុល្លារក្នុងមួយឆ្នាំៗ។រយៈពេល ៤ ឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សអប្បបរមា របស់កម្មករ កម្មការិនី នៅក្នុងប្រទេសកម្ពុជា ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសជិតខាងផងដែរ ៕
អត្ថបទ៖ ប្រជាប្រិយ