គ្រូចិនសែដ៏ល្បីឈ្មោះបោះសំឡេងមកពីប្រទេសសិង្ហបុរីបានបើកអាជីវកម្មទស្សន៍ទាយនិងមើលហុងស៊ុយតាមជំនឿចិនបុរាណនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរកាត់ចិន។ពិសេសអ្នកវិនិយោគទុនចិនដែលកំពុងប្រកបរបរទទួលទាននៅប្រទេសកម្ពុជា។អាជីវកម្មនេះបានក្លាយជាអាជីវកម្មស្របច្បាប់ដំបូងគេនៅកម្ពុជាបន្ទាប់ពីមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មកម្ពុជា ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធក្រុមហ៊ុនវូស៊ានតានជីអូមេនស៊ីអាស្ត្រូឡជី(ខេមបូឌា)ឯ.កដែលមានទីតាំង ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។កាលពីល្ងាចថ្ងៃទី២៦កុម្ភៈឆ្នាំ២០២០លោកគ្រូចិនសែWUDAOបានមានប្រសាសន៍ថាគោលបំណងដែលលោកមកបើកអាជីកម្មនៅកម្ពុជាគឺដោយសារកម្ពុជាគឺជាប្រទេសចំណាស់មួយនិងជាប្រទេសដែលមានប្រជាពលរដ្ឋភាគច្រើនមានភាពជឿជាក់ទៅលើជោគជតារាសីនៅក្នុងការរស់នៅក៏ដូចជាការធ្វើអាជីវកម្មប្រចាំថ្ងៃ។ជាពិសេសសម្បូរកូនចៅចិន។
លោកគ្រូបានបន្តថាជាងនេះទៅទៀតលោកចង់ចែករំលែកនិងជួយផ្តល់គំនិតទាក់ទិននឹងអ្វីដែលលោកបានរៀនតាំងពីដើមរហូតមកដល់បច្ចុប្បន្នដល់ប្រជាជនកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជារកស៊ីទទួលទានមានបាននិងកាន់តែរីកចំរើនទៅមុខ។ព្រោះថាអ្វីដែលក្រុមហ៊ុនលោកផ្តល់សេវាកម្មរួមមានដូចជាការមើលហុងស៊ុយទៅលើការសាងសង់អគារខុនដូការបើកហាងថ្មីធ្វើផ្ទះថ្មីឬក៏ការសាងសង់ចេតិយ និងការបញ្ចុះសពជាដើម។
លោកគ្រូបានបន្ថែមទៀតថា៖ការបើកអាជីវកម្មហោរាស្ត្រនេះមិនមែនមានតែនៅក្នុងប្រទេសសិង្ហបុរី និងកម្ពុជានោះទេតែលោកបានពង្រីកនៅបណ្ដាប្រទេសជាច្រើននិងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋអ្នកជឿជាក់លើជំនឿជាច្រើនផងដែរ។បើពុំមានការជឿជាក់ម្ល៉េះលោកនឹងមិនពង្រីកបានច្រើនប្រទេសដូច្នេះទេ ។
លោកគ្រូបានឱ្យដឹងទៀតថា មនុស្សម្នាក់ៗនៅគ្រប់ប្រទេស តែងតែមានជំនឿសាសនារៀងៗខ្លួន ។ បើទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនយ៉ាងណាក្ដីក៏មិនអាចនៅដាច់ដោយឡែកពីជំនឿសាសនាបានដែរគឺនៅតែមានការពឹងពាក់គ្នាដូច្នេះតាមរយៈវត្តមានរបស់លោកនៅកម្ពុជាក៏សង្ឃឹមថានឹងទទួលបានគាំទ្រពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកគ្រូបានបញ្ជាក់ទៀតថា«យើងសុំសំណូមពរដល់ប្រជាពលរដ្ឋដែលមិនទាន់ដឹងនិងមិនទាន់មានទិសដៅច្បាស់លាស់ដើម្បីធ្វើអាជីវកម្មឬការងារអាចអញ្ជើញមកកន្លែងយើងខ្ញុំដើម្បីយើងខ្ញុំអាចមើលហុងស៊ុយជូនព្រោះថាវាសនានិងហុងស៊ុយរបស់មនុស្សម្នាក់ៗគឺមានសភាពខុសៗគ្នា។អ៊ីចឹងពេលគាត់មក គាត់អាចដឹងថា គាត់កើតឆ្នាំនេះ អាយុនេះ ត្រូវធ្វើអាជីវកម្មបែបនេះ និងរកស៊ីបែបនេះ»។
លោកនឹម ច័ន្ទតារា អ្នកតំណាងរាស្ត្រមណ្ឌលកំពតនិងជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននៃរដ្ឋសភាបានមានប្រសាសន៍ថានេះគឺជាលើកដំបូងហើយដែលមានការបើកធ្វើអាជីវកម្មជាផ្លូវការទាក់ទិននឹងមើលហុងស៊ុយនៅកម្ពុជាហើយមានការចុះបញ្ជីការត្រឹមត្រូវ នៅក្នុងក្រសួងពាណិជ្ជកម្មកម្ពុជាទៀត។
លោកបានបន្តថា«ខ្ញុំមានកិត្តិយសណាស់ ដែលមកធ្វើជាគណៈអធិបតី ដើម្បីចូលរួមជាសាក្សី ក្នុងពិធីសម្ពោធទីបូជាសក្ការៈ វូស៊ានតាន សម្រាប់បម្រើសេវាកម្មហោរាសាស្ត្រ គឺការទស្សន៍ទាយ ប្រមើលមើលជោគជតារាសីនិងព្យាបាលជំងឺដង្កាត់តាមបែបវិទ្យាសាស្ត្រនិងបុរាណរបស់អ្នកមានជំនឿនៅកម្ពុជា»។
លោកបានបញ្ជាក់ឱ្យដឹងថានៅពេលប្រទេសមានសុខសន្តិភាព ជំនឿសាសនា ត្រូវបានបើកទូលាយ សម្រាប់ប្រជាពលរដ្ឋកាន់សាសនាផ្សេងៗមិនថាព្រះពុទ្ធសាសនាឬសាសនាផ្សេងៗឡើយខុសពីសម័យខ្មែរក្រហមដែលត្រូវបានរំលាយសាសនាចោលទាំងអស់។ជាក់ស្ដែងវត្តអារាមត្រូវបានយកធ្វើជាក្រោលគោឬឃ្លាំងស្រូវឃ្លាំងអាវុធផ្សេងៗហើយលុបបំបាត់មិនអោយប្រជាជនលើអ្វីទាំងអស់និងត្រូវបង្ខំអោយធ្វើការទាំងយប់ទាំងថ្ងៃ និងមិនអោយហូបចុកឆ្អែតឡើយ ។
លោកបានបន្ថែមទៀតថាសម្រាប់បច្ចុប្បន្ននេះក្រោយពេលដែលកម្ពុជាបើកទូលាយលើការជឿសាសនានានាក៏មានសាសនាជាច្រើនចូលមកក្នុងនោះគ្រូចិនសែទស្សន៍ទាយលើករាសីនិងហុងស៊ុយនានាក៏មានអ្នកជឿជាក់ច្រើនជាពិសេសពីសំណាក់បងប្អូនប្រជាជនដែលជាប់សែស្រឡាយចិន ។
លោកបន្តថា៖ដើម្បីជួយលើកកម្ពស់កម្ពុជាឱ្យកាន់តែខ្ពស់ក្នុងប្រវត្តិសាស្ត្រនៃមាតុភូមិយើងមហាបុព្វបុរសរបស់យើងបានកសាងប្រាសាទបុរាណជាច្រើនបង្កប់ដោយជំនឿសាសនាដែលនេះជាមរតកមិនអាចកាត់ថ្លៃបានរបស់យើងទាំងអស់គ្នា។ខណៈដែលប្រទេសជាតិកំពុងតែដំណើរការអភិវឌ្ឍយើងក៏ត្រូវការការបន់ស្រន់បន្ថែមទៀតក្នុងស្មារតីរក្សាការពារសន្តិភាពនិងភាពចម្រុងចម្រើនរបស់យើងឱ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។
លោកក៏បានអបអរសាទរចំពោះវត្តមាននៃទីសក្ការៈបូជារបស់វូស៊ានតាននៅកម្ពុជាយើងដែលស្របនឹងរដ្ឋធម្មនុញ្ញមាត្រា៤៣ស្តីពីសេរីភាពខាងជំនឿនិងការប្រតិបត្តិក្នុងផ្លូវសាសនា៕
អត្ថបទ៖ រស្មីកម្ពុជា