លោកសាស្រ្តាចារ្យ តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍លើកឡើងថា ក្នុងនាមយើងជា គ្រូពេទ្យធ្វើយ៉ាងណាត្រូវតែធ្វើការពង្រឹងសមត្ថិភាពនឹងគោរពនូវវិជ្ជាជីវ:របស់ខ្លួនបន្ថែមទៀតឲ្យបានល្អប្រសើរ ហើយអ្វីដែលសំខាន់នោះគឺត្រូវបង្ខិតសេវាព្យាបាលសាធារណ:ឲ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋ។
សាស្រ្តាចារ្យបានបន្តទៀតថា បច្ចុប្បន្ននេះរាជរដ្ឋភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសុខាភិបាលដែលជាវិស័យចំបងមួយនៅកម្ពុជាដូច្នេះហើយក្នុងនាមលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ត្រូវខិតខំបំពេញនូវកាតព្វកិច្ចការងាររបស់ខ្លួនឲ្យមានកម្លាភាពនឹង ប្រសិទ្ធភាព វិជ្ជាជីវ:ក្រមសីលធម៌គ្រូពេទ្យរបស់ខ្លួនឲ្យបានប្រសើរ ។
លោកបញ្ជាក់ថា គ្រូពេទ្យទាំងអស់មិនត្រូវមានការរើសអើងចំពោះអ្នកជម្ងឺនោះឡើយ គប្បីគឺត្រូវតែពិនិត្យព្យាបាលជូនដល់ពួកគាត់ឲ្យបានទាន់ពេលនឹងរហ័សទាន់ចិត្តមិនត្រូវទុកអ្នកជម្ងឺឲ្យនៅឯកានោះឡើយ។ គ្រប់គ្លីនិចសុខភាពទាំងអស់ មិនត្រូវយកអ្នកជម្ងឺធ្វើជាមុខទំនិញ ក្នុងការព្យាបាល ដើមី្បបង្កើនសេវារបស់ខ្លួនឲ្យច្រើន ជាផលប្រយោជន៍របស់ខ្លួននោះឡើយ ហើយនៅពេលអ្នកជម្ងឺកាន់តែមានអាការៈធ្ងន់ធ្ងរ មិនទទួលខុសត្រូវ ថែមទាំងបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋទៀតផង។
លោកសាស្ត្រចារ្យ ក៏បានធ្វើការផ្តាំផ្ញើ ដល់អង្គសន្និបាតទាំងមូល គឺត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរមតិយោបល់គ្នាឲ្យបានផុសផុល និង ត្រូវលើកឡើងនូវរាល់បញ្ហាប្រឈមកន្លង មកនៅមូលដ្ឋានរបស់ ដើមី្បរកឲ្យឃើញពីចំណុចវិជ្ជមាន និង អវិជ្ជមាននាពេលកន្លងមក ដែលធ្វើជាធាតុផ្សំបញ្ចូលទៅ ក្នុងយន្តការ សម្រាប់អនុវត្តនៅឆ្នាំ២០២០នេះ។
លោកថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសតំណាងវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាគណៈធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០១៩នឹងលើកទិសដៅអនុវត្តបន្តការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី ២៧ ខែ កុម្ភ:ឆ្នាំ២០២០នេះ នៅសាលមហោស្រព មន្ទីរពេទ្យកុមារជ័យវរ្ម័ទី៧(គន្ធបុប្ផា)ខេត្តសៀមរាប។
ដោយមានការអញ្ជើញចូលរួមពីលោក អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត និង លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង ប្រធាន អនុប្រធានមន្ទីរពេទ្យ ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និង អង្គការ ដៃគូរចូលរួមប្រមាណ២៥០នាក់។
ក្នុងសន្និបាតនោះដែរលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់នូវរបាយការណ៍ថា មន្ទីរពេទ្យបានលើកកម្ពស់គុណភាពការអប់រំការផ្តល់សេវាសាធារណ:ជាចម្បងចំពោះប្រជាពលរដ្ឋរួមមានស្រ្តីនឹងកុមា។ដោយឡែកក្រុមការងារតែងតែចុះផ្សព្វផ្សាយផ្នែកអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពាក់ព័ន្ធទៅនឹងបញ្ហាជម្ងឺឆ្លងនានាដែលបានកើតមានឡើងនាពេលថ្មីៗនេះ
ឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានយល់ដឹងនឹងមានការប្រុងប្រយ័ត្ន។ ពិសេសនោះជំងឺឆ្លងបច្ចុប្បន្នគឺជាជំងឺកូរ៉ូណា ដែលជាជំងឺផ្លូវដង្ហើមមួយ ដែលបានកើតមាននៅឯប្រទេសចិននឹងបានកំពុងមានការរាតត្បាតនៅតាមប្រទេសមួយចំនួនប៉ុន្តែមិនបានរាតត្បាតមកដល់កម្ពុជានោះឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរលោក ពិន ប្រាកដ ក៏បានបញ្ជាក់ថា អង្គសន្និបាតនេះ ក្នុងគោលបំណង ពិនិត្យឡើង វិញនូវរាល់សមិទ្ធិផលធៀបទៅនិងផែនការ គោលដៅប្រចាំឆ្នាំ២០១៩ និង កំណត់នូវសកម្មភាពអាទិភាពសម្រាប់ទិសដៅ ការងារអនុវត្តឆ្នាំ២០២០ ព្រមទាំងកំណត់តម្រូវការនៃការចូលរួមរបស់អង្គការដៃគូរ និង អាជ្ញាធរមូលដ្ឋានទៀតផង៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍