រដ្ឋសភាថៃ ត្រូវបានដាក់នៅក្នុងការប្រុងប្រយ័ត្ន ចំពោះការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ដោយមានការសម្អាតយ៉ាងម៉ត់ចត់បំផុត បន្ទាប់ពីតំណាងរាស្ត្រក្រុងបាងកកមួយរូប មានជំងឺផ្ដាសាយ បន្ទាប់ពីគាត់ បានវិលត្រឡប់ពីប្រទេសជប៉ុនវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោកស្រី Patcharin Khamsiripong តំណាងរាស្ត្រនៃក្រុងបាងកក មកពីគណបក្ស Phalang Pracharath ត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថា គាត់បានឆ្លងវីរុសកូវីដ១៩។ យ៉ាងណាក៏ដោយ លោកស្រី បានអះអាងថា គាត់មានសុខភាពល្អ ហើយគ្រាន់តែមានជំងឺផ្ដាសាយធម្មតាប៉ុណ្ណោះ។
អ្នកអនាម័យ បានសម្អាតក្នុងរដ្ឋសភាថៃ ក្នុងនោះ មាន តុ កៅអី មីក្រូហ្វូន នៅបន្ទប់សន្និសីទសារព័ត៌មាន បន្ទប់ប្រជុំ បន្ទប់សម្រាប់អ្នកសារព័តមាន ជណ្ដើរជើង ជណ្ដើរយន្ត ជាដើម។គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងទូទាំងពិភពលោកជាង ៨០០០០នាក់ និងមានអ្នកស្លាប់ជាង ២ ៧០០នាក់៕
អត្ថបទ៖ clicknews