មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បានរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ២៥៦នាក់បន្ថែមទៀត ធ្វើឲ្យចំនួននៃការឆ្លងសរុបកើនដល់ ២,០២២ករណីនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។
នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន យុន ហាប់ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងមេរោគ COVID-19 ២៥៦នាក់ថ្មីៗ ដែលទើបរកឃើញនេះ គឺមាន ១៨២នាក់ រស់នៅក្នុងទីក្រុង Daegu និង ៤៩នាក់ស្ថិតនៅខេត្តគ្យុងសាងខាងជើង។ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ ដោយឡែកខេត្ត និងក្រុងធំៗមួយចំនួនទៀត ក៏បានរកឃើញករណីឆ្លងជំងឺ COVID-19 នេះផងដែរ ក្នុងនោះទីក្រុងសេអ៊ូល មានអ្នកឆ្លងសរុប ០៦នាក់ ខណៈចំនួនមនុស្សបាត់បង់ជីវិតវិញគឺ ១៣នាក់ដដែល។
មន្រ្តីការពារ និងទប់ស្កាត់ជំងឺកូរ៉េខាងត្បូង ហៅកាត់ថា KCDC ឲ្យដឹងទៀតថា ចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុកបែបនេះ ដោយសារតែអាជ្ញាធរបានដាក់ការពិនិត្យសុខភាពទៅលើមនុស្សជាង ២១ម៉ឺននាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយព្រះវិហារសាសនាគ្រិស្ត នៅក្នុងទីក្រុង Daegu ដែលគេរកឃើញថា ជាប្រភពដើមនៃការចម្លងដ៏សាហាវនៃមេរោគ COVID-19 នេះ៕
អត្ថបទ៖ kbn