នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រ ទើបត្រាស់បង្គាប់តែងតាំងថ្មីនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានប្រកាសថា តំបនអរិយក្សត្រ និងល្វាឯម នៃខេត្តកណ្តាល នឹងត្រូវកាត់បញ្ចូលជាខណ្ឌមួយរបស់រាជធានីភ្នំពេញ នៅពេលខាងមុខនេះ ។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា៖ «កន្លែងនេះកាលពីដើមឡើយជាទឹកដីរបស់ខេត្តកណ្ដាល ទេ ប៉ុន្តែដោយសារតែភ្នំពេញ ត្រូវការរីកចម្រើន ដូច្នេះបានជាកាត់ គឺកាត់ចង់អស់ហើយ បន្តិចទៀតនឹងមានការកាត់ថែមទៀត។ បើស្ពានរួចហើយ រៀបចំកាត់តាំងពីអរិយក្សត្រ ល្វាឯមឯនោះ ដើម្បីយកមកបញ្ចូលក្នុងរាជធានីភ្នំពេញថែមទៀត ដែលអាហ្នឹងនឹងក្លាយជាខណ្ណមួយរបស់រាជធានីភ្នំពេញ»។
សម្ដេចបានបញ្ជាក់ថា តំបន់នេះត្រូវធ្វើស្ពានចំនួន២ទៀត ដែលស្ពានមួយបានសុំសាធារណរដ្ឋកូរ៉េ ដែលតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅអរិយក្សត្រ និងមួយទៀតពីផ្លូវជាតិលេខ១ ត្រង់ចំណុចវត្តដីតាកុយ ទៅតំបន់ល្វាឯម ដើម្បីតភ្ជាប់ទំនាក់ទំនង៕
អត្ថបទ៖ kbn