ក្នុងពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានការផ្សព្វផ្សាយនូវរូបភាពជាច្រើនសន្លឹក អំពីក្រុមជាងស្លដែក បានប្រមែលប្រមូលវត្ថុឬសម្ភារ ធ្វើពីប្រាក់ ឬស្ពាន់ជាស្នាដៃមរតកចាស់ៗពីដូនតា មករំលាយយកប្រាក់ ឬស្ពាន់ ដើម្បីយកមកកសាងរូបសំណាកឬវត្ថុថ្មីអ្វីមួយ ក្រោមរូបភាពជំនឿសាសនា ដែលនេះជាទង្វើនាំការគិតខុសដល់សង្គម និងជាទង្វើបំផ្លាញវប្បធម៌មរតកខ្លួនឯង ដោយខ្វះប្រាជ្ញាស្មារតីយល់ដឹង។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរសារលើហ្វេសប៊ុកផ្លូវការ (HENG Ratana) កាលពីព្រឹកថ្ងៃទី២៨ខែកុម្ភៈនេះថា
“ពិតជាមហាសោកស្តាយពន់ពេក និងហួសចិត្ត នៅពេលឃើញទិដ្ឋភាពនាំគ្នាប្រមែលប្រមូលវត្ថុឬសម្ភារ ធ្វើពីប្រាក់ ឬស្ពាន់ជាស្នាដៃមរតកចាស់ៗពីដូនតា (អាចមានវត្ថុខ្លះតាំងពីសម័យបូរាណ) មករំលាយយកប្រាក់ ឬស្ពាន់ ដើម្បីយកមកកសាងរូបសំណាកឬវត្ថុថ្មីអ្វីមួយ ក្រោមរូបភាពជំនឿសាសនា”។
លោក បានថ្លែងថា ឃើញគំនិតនិងទស្សនៈបែបនេះ នឹកឃើញដល់សម័យប៉ុល ពត វាយកម្ទេចព្រះវិហារ សាលារៀន មន្ទីរទេព្យ យកសសៃដែក មកស្លធ្វើជាដែកគោល!? សម័យសង្គ្រាមមានឈ្មួញមួយចំនួនបានដើរប្រមូលទិញសម្ភារបែបនេះ យកទៅលក់ឱ្យឈ្មួញថៃ ហើយរហូតឈានដល់លួចប្លន់កាត់ក្បាលរូបបដិមារ ឬវាយកម្ទេចរូបចម្លាក់តាមជញ្ជាំងប្រាសាទនានាផងដែរ។
លោកអគ្គនាយក បានបញ្ជាក់ថា “នេះជាទង្វើនាំការគិតខុសដល់សង្គម និងជាទង្វើបំផ្លាញវប្បធម៌មរតកខ្លួនឯង ដោយខ្វះប្រាជ្ញាស្មារតីយល់ដឹង! បើចង់ធ្វើឬផលិតអ្វីថ្មីសូមរួបរួមទិញប្រាក់ស្ពាន់ថ្មីមកផលិតបន្តទៀត ទើបត្រឹមត្រូវ!”។
សូមអំពាវនាវក្រសួងវប្បធម៌ ក្រសួងសាសនា អាជ្ញាធរមូលដ្ឋាន គណៈសង្ឃ សូមព្រះមេត្តា និងមេត្តាផ្សព្វផ្សាយអប់រំ ព្រមទាំងមានវិធានការច្បាប់ចំពោះករណីនេះ! ទើបអាចផ្លាស់ប្តូរឥរិយាបថប្រជាជនមួយចំនួនតូចបាន និងអាចការពារស្នាដៃមរតកដូនតារបស់ខែ្មរ អាចស្ថិតស្ថេរគង់វង្សយូរអង្វែង!៕
អត្ថបទ៖ CEN