នៅក្នុងបាឋកថាពន្យល់ដល់អ្នកសារព័ត៌មាន នៅឯវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា វិធីដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតក្នុងការការពារពីការឆ្លងជំងឺកូរ៉ូណា ឬ COVID-19 ដោយរួមទាំងជំងឺឆ្លងជាច្រើនប្រភេទផ្សេងទៀតផងនោះ គឺ ការលាងដៃឱ្យបានជ្រះស្អាត លាងឱ្យបានញឹកញាប់ និងកាត់បន្ថយការយកដៃប៉ះបរិវេណផ្ទៃមុខឱ្យនៅតិចបំផុត ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់ថា ការឆ្លងជំងឺពីមនុស្សម្នាក់ ទៅអ្នកផ្សេងទៀត មាន ២ ប្រភេទសំខាន់ គឺ ៖ ១. ឆ្លងតាមខ្យល់ គឺនៅពេលអ្នកជំងឺក្អក ឬ កណ្តាស់ ជាដើម មេរោគដ៏ច្រើន ក៏រសាត់អណ្តែតនៅក្នុងលំហខ្យល់ ពេលអ្នកណាផ្សេងដកដង្ហើមស្រូបខ្យល់នោះចូលក្នុងខ្លួន មេរោគក៏ចូលទៅក្នុងខ្លួនមនុស្សទាំងនោះដែរ ។ មេរោគប្រភេទនេះ មានដូចជា ជំងឺរបេង , ស្អូច , កញ្ជ្រិល , អុតស្វាយជាដើម ។
២. ឆ្លងតាមតំណក់ទឹកតូចៗ នៃរាងកាយរបស់អ្នកជំងឺ ដូចជាទឹកមាត់ ទឹកនោម ឈាម ទឹករំអិល ស្លេស៍្ម និង សម្បោរ ជាដើម គឺមេរោគរស់នៅក្នុងវត្ថុទាំងនោះ ហើយមេរោគអាចឆ្លងពីមនុស្សម្នាក់ទៅអ្នកដទៃ តាមរយៈ ការប៉ះទឹកទាំងនោះ ហើយជំងឺទាំងនោះមានដូចជា ជំងឺ ខាន់ស្លាក់ និង ផ្តាសាយ ជាដើម ហើយប្រការ
ការពាក់ម៉ាស់ មិនបានត្រឹមត្រូវ ដូចជាពាក់តែច្រមុះ ឬ តែមាត់ ឬ ពាក់ក្រោមចង្កា ឧស្សាហ៍យកដៃបេះបោចម៉ាស់ ពាក់ម៉ាស់តែមួយមិនបានបោកសម្អាត ជាដើម មិនត្រឹមតែមិនអាចការពារមេរោគប៉ុណ្ណោះទេ ថែមទាំងនាំឱ្យឆ្លងមេរោគទៀតផង ( រូបៈ អ៊ីនធឺណេត )គួរកត់សម្គាល់ គឺជំងឺ កូរ៉ូណាថ្មី ឬ COVID-19 ក៏ស្ថិតនៅក្នុងប្រភេទឆ្លងបែបនេះដែរ ។
ហេតុនេះលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ថែមថា ចូរកុំនៅប្រឈម ឬ ទល់មុខនឹងអ្នកក្អក ឬ កណ្តាស់ ចូរនៅឱ្យឆ្ងាយពីអ្នកក្អក ឬ កណ្តាស់ ឱ្យឆ្ងាយជាង ១ ម៉ែត្រ ព្រោះទឹកមាត់ជាដើម ដែលមនុស្សក្អកចេញទៅ មានចម្ងាយប្រមាណជា ១ ម៉ែត្រ ហើយត្រូវកាត់បន្ថយការយកដៃទៅប៉ះពាល់បរិវេណមុខឱ្យនៅតិចបំផុត ។
ចំពោះការប្រើប្រាស់ ម៉ាស់ វិញ លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកឈឺមិនមែនគួរតែពាក់ម៉ាស់ទេ ប៉ុន្តែគឺត្រូវតែពាក់ម៉ាស់ និង ត្រូវឧសហ្សាហ៍លាងដៃនឹងសាប៊ូ ឬ ជែល ឬ អាល់កុល ។ ចំណែកអ្នកដែលមិនមែនជាអ្នកជំងឺ មិនចាំបាច់ពាក់ម៉ាស់ទេ ប៉ុន្តែត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ ឬ លាងដោយជែល ព្រោះសាប៊ូអាចជម្រះសម្អាតមេរោគ ចំណែកជែល និង អាល់កុលជាដើម អាចសម្លាប់មេរោគ ។ ដូច្នេះប្រសិនបើកគេលាងដៃដោយអាល់កុល ឬ ជែល គេត្រូវទុកដៃឱ្យស្ងួតសិន មុននឹងចាប់កាន់របស់ផ្សេង ព្រោះពេលស្ងួតដៃ បានន័យថា មេរោគបានងាប់ហើយ ។
នៅពេលសួរថា តើពេលណា ចាំបាច់ពាក់ម៉ាស់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្តល់ចម្លើយថា ការពាក់ម៉ាស់ ចាំបាច់នៅពេលដែលយើងត្រូវចូលទៅក្នុងចំណោមមនុស្សច្រើន ព្រោះយើងមិនដឹងថាអ្នកណាក្អក ឬ មិនក្អកឡើយ ។ លើសពីនេះទៅ គឺពេលទៅសួរសុខទុក្ខ ឬ នៅមើលថែអ្នកជំងឺជាដើម ប៉ុន្តែ ម៉ាស់ ដែលពាក់ហើយ ចាំបាច់ត្រូវបោះចោល កុំពាក់ម្តងទៀត ព្រោះម៉ាស់ នោះអាចភ្ជាប់ទៅដោយមេរោគរួចទៅហើយ ដូច្នេះ បើពាក់ម៉ាស់នោះម្តងទៀត មេរោគ អាចឆ្លងចូលតាមនោះដដែល ។ ប្រសិនបើត្រូវការពាក់ម៉ាស់នោះម្តងទៀត គេត្រូវតែបោក ឬ លាងជម្រះឱ្យស្អាត រួចហាលថ្ងៃឱ្យស្ងួតសិន ។
ម្យ៉ាងទៀត ទោះពាក់ម៉ាស់ហើយក្តី ក៏មិនត្រូវធ្វេសប្រហែស ដូជាប្រឈមទល់មុខនឹងអ្នកក្អកជាដើមឡើយ ព្រោះម៉ាស់ខ្លះអាចការពារការឆ្លងមេរោគបានកម្រិតណាមួយប៉ុណ្ណោះ ហើយពាក់ម៉ាស់ ក៏ត្រូវតែពាក់ឱ្យជិតទាំងច្រមុះ និង មាត់ ហើយកុំយកដៃទៅប៉ះម៉ាស់នោះ ព្រោះទាំងដៃ ទាំងម៉ាស់ អាចជាប់ទៅដោយមេរោគច្រើនប្រភេទ ដោយសារ មនុស្សតែងតែយកដៃទៅចាប់កាន់របស់របរផ្សេងៗ ដែលគេមិនដឹងថា របរណាមានមេរោគ របស់ណាគ្មានមេរោគឡើយ ហើយអ្វីដែលគេមិនអាចទុកចិត្តទាល់តែសោះនោះ គឺរាល់របស់របរដែលគេបានចាប់កាន់នោះ ត្រូវបានចាប់កាន់ដោយមនុស្សច្រើនគ្នា ហើយដៃរបស់អ្នកទាំងនោះ គេមិនដឹងថាប្រឡាក់ទៅដោយមេរោគប្រភេទណាខ្លះឡើយ ។
ក្នុងន័យនេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ សង្កត់ធ្ងន់ថា មធ្យោបាយដ៏មានប្រសិទ្ធភាព និងងាយធ្វើបំផុតក្នុងការការពារពីការឆ្លងជំងឺមួយចំនួន ដោយរួមទាំងជំងឺ COVID-19 ផងនោះ ទី ១ គឺត្រូវលាងសម្អាតដៃ ព្រោះមនុស្សគ្រប់គ្នា តែងតែប្រើដៃទៅចាប់កាន់របស់របរជាច្រើន ដូចជាបង្កាន់ដៃទ្វារ របស់របរប្រើប្រាស់នៅកន្លែងធ្វើការ សម្ភារនៅក្នុងបន្ទប់ទឹក នៅក្នុងបន្ទប់បាយ ទ្វាររថយន្ត ទូរស័ព្ទ និង កុំព្យូទ័រផងជាដើម ដែលធ្វើឱ្យដៃជាប់ទៅដោយមេរោគ
ដែលនៅលើរបស់របរទាំងនោះ ព្រោះរបស់របរទាំងនោះ ត្រូវបានប៉ះពាល់ទៅដោយដៃមនុស្សជាច្រើន ហើយប្រសិនបើមានដៃរបស់មនុស្សណាម្នាក់ មានមេរោគ នោះ វាប្រាកដជាចម្លងទៅដៃ និង របស់របរជាច្រើនទៀត រួចហើយក៏យកដៃដែលជាប់ទៅដោយមេរោគនោះ ទៅប៉ះបរិវេណមុខ ដូចជាមាត់ ច្រមុះ ឬ ចាប់ការអាហារបរិភោគជាដើម ហើយមេរោគ ក៏ឆ្លងតាមបែបនោះឯង ព្រោះមនុស្សម្នាក់តែងតែយកដៃញីភ្នែក ច្រមុះ ផ្ទៃមុខ ជាមធ្យម ៦០ ដង ។
រីឯការក្អក និង កណ្តាស់ ក៏គប្បីប្តូរឥរិយាបថដែរ ពោលគឺនៅពេលក្អកប្រសិនបើ មានរបស់អ្វីសម្រាប់ខ្ទប់មាត់ ដូចជាក្រមា កន្សែង ឬ ក្រដាសជាដើម ក៏ខ្ទប់មាត់ដោយរបស់ទាំងនោះចុះ ប៉ុន្តែប្រសិនបើគ្មានរបស់ទាំងនោះខ្ទប់មាត់ទេ សូមកុំយកដៃខ្ទប់មាត់ ពោលគឺកុំក្អក ឬ កណ្តាស់ ដាក់បាតដៃ ប៉ុន្តែត្រូវក្អកដាក់ដើមដៃវិញ ។ ព្រោះថា ពេលក្អក ឬ កណ្តាស់ដាក់បាតដៃ មេរោគ នឹងជាប់នឹងបាតដៃ រួចហើយពេលគេចាប់ដៃជាមួយអ្នកដទៃ ឬ ចាប់កាន់របស់របរផ្សេងៗនោះ មេរោគក៏ឆ្លងទៅអ្នកដទៃតាមនោះដែរ ។លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ក៏បានបន្ថែមដែរថា ការលាងសម្អាតដៃបានល្អនោះ គេអាចកាត់បន្ថយជំងឺរាករូសបាន ៦០ ភាគរយទៀតផង ៕
អត្ថបទ៖ រស្មីកម្ពុជា