មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង នៅព្រឹកថ្ងៃសៅរ៌ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បានរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ៥៩៤ករណីថ្មីបន្ថែមទៀត ធ្វើឲ្យចំនួននៃការឆ្លងសរុបកើនដល់២ ៩៣១ករណី នៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ទន្ទឹមនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានរកឃើញអ្នកស្លា ប់ដោយសារ COVID-19 ចំនួន ៣ នាក់បន្ថែមផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន យុន ហាប់ នាព្រឹកថ្ងៃសៅរ៌ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
អ្នកស្លាប់ដោយសារជំងឺ COVID-19 ទាំងបីនាក់នេះ គឺជាស្ត្រីដែលរស់នៅក្នុងទីក្រុង Daegu ដោយធ្វើឲ្យតួលេខស្លា ប់សរុបឡើងដល់ ១៦នាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មជ្ឍមណ្ឌលសម្រាប់គ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូង។ ម្នាក់ក្នុងចំណោមជនរងគ្រោះនេះ គឺស្ថិតក្នុងវ័យ៩០ឆ្នាំ។
មន្រ្តីសុខាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងមេរោគ COVID-19 ៥៩៤នាក់ថ្មីៗ ដែលទើបរកឃើញនេះ គឺមាន ១៨២នាក់ រស់នៅក្នុងទីក្រុង Daegu និង ៤៩នាក់ស្ថិតនៅខេត្តគ្យុងសាងខាងជើង។ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បុង ហើយនិងខេត្តក្បែរក្រុងនេះ គឺខេត្ត North Gyeongsang ។
មន្រ្តីការពារ និងទប់ស្កាត់ជំងឺកូរ៉េខាងត្បូង ហៅកាត់ថា KCDC ឲ្យដឹងទៀតថា ចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុកបែបនេះ ដោយសារតែអាជ្ញាធរបានដាក់ការពិនិត្យសុខភាពទៅលើមនុស្សជាង ២១ម៉ឺននាក់ ដែលមានជាប់ពាក់ព័ន្ធជាមួយព្រះវិហារសាសនាគ្រិស្ត នៅក្នុងទីក្រុង Daegu ដែលគេរកឃើញថា ជាប្រភពដើមនៃការចម្លងដ៏សាហាវនៃមេរោគ COVID-19 នេះ ៕
អត្ថបទ៖ kbn