ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសោរ៍នេះ ប្រកាសថាមានការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៥៩៤ករណី ដែលវាជាតួលេខឆ្លងច្រើនបំផុតនៅក្នុងប្រទេស ហើយមកដល់ពេលនេះ អ្នកឆ្លងសរុបកើនដល់ ២.៩៣១នាក់។
ការឆ្លងថ្មីជាង ៩០ភាគរយកើននៅតំបន់ Daegu កន្លែងដែលផ្ទុះវីរុស និងខេត្ត Gyeongsang។ នេះបើតាមការបញ្ជាក់របស់មជ្ឍមណ្ឌលគ្រប់គ្រង និងការពារជំងឺ នៅក្នុងសេចក្តីប្រកាស។ស្ត្រី ៣នាក់នៅក្នុងតំបន់ Daegu ក៏បានស្លាប់ដោយសារវីរុសមរណៈនោះផងដែរ និងបានធ្វើឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់ ១៦នាក់។ ក្នុងនោះមានជនរងគ្រោះម្នាក់វ័យជាង ៩០ឆ្នាំ។
អត្រានៃការឆ្លង ត្រូវគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ដោយអាជ្ញាធរបានធ្វើតេស្តពិនិត្យទៅលើសមាជិកចំនួន ២១០.០០០នាក់នៃព្រះវិហារសាសនាគ្រឹស្តិ Shincheonji Church។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា ឬ COVID-19 បានធ្វើឲ្យពិភពលោកកំពុងជួបវិបត្តិយ៉ាងខ្លាំង ដោយសារតែការរាតត្បាតយ៉ាងលឿន ហើយមកដល់ពេលនេះ មានប្រទេសជាង ៥០បានឆ្លងវីរុសខាងលើ ដែលមានដើមកំណើតមកពីប្រទេសចិន៕
អត្ថបទ៖ CEN