អភិបាលខេត្តដែលនៅភាគខាងជើងបំផុតនៃប្រទេសជប៉ុនគឺខេត្តហុកកៃដូ បានប្រកាសអាសន្ននៅក្នុងខេត្តរបស់លោកហើយអំពីការរីករាលដាលយ៉ាងខ្លាំងក្លានៃវីរុស Covid-19 ទៅកាន់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត
លោកអភិបាលខេត្ត Naomichi Suzuki បានប្រកាសឱ្យប្រជាជនរបស់ខ្លួនឱ្យស្ថិតក្នុងផ្ទះជានិច្ចក្នុងកំឡុងពេលនេះ គឺបើអាចមិនត្រូវចេញទៅក្រៅផ្តេសផ្តាស់ឡើយប្រសិនបើគ្មានធុរៈចាំបាច់ ។ លោកក៏បានថ្លែងទៀតថា៖ “ខ្ញុំជឿជាក់ថា ប្រសិនបើយើងមិនធ្វើអ្វីសោះ វីរុសកូរ៉ូណានេះនឹងបន្តរីករាលដាលខ្លាំងឡើងៗ ។
ដើម្បីឈានទៅដល់ការបញ្ជប់នូវបញ្ហានេះឱ្យបានឆាប់បំផុត និងការការពារជីវិត និង សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅ ខ្ញុំជឿជាក់ថា ពេលនេះជាពេលដ៏សំខាន់បំផុត ។ យើងត្រូវតែប្រើប្រាស់វិធីសាស្រ្តថ្មីៗ ក្នុងការទប់ស្កាត់ស្ថានការណ៍នេះ” ។
សូមបញ្ជាក់ថា មានករណីនៃការឆ្លងវីរុសនេះចំនួន៦៦ករណីហើយនៅក្នុងខេត្តហុកកៃដូនេះ ដែលជាតួលេខមួយច្រើនជាងគេបើប្រៀបធៀបនឹងតំបន់ផ្សេងទៀតនៅក្នុងប្រទេសជប៉ុនទាំងមូល ដែលការឆ្លងនោះ មានទាំងគ្រូបង្រៀន សិស្សនិស្សិត ក៏ដូចជាអ្នកបើកឡានក្រុងសាលាផងដែរ ។
លោកអភិបាលក៏បានឱ្យដឹងថា វាអាចទៅរួចដែលជាការឆ្លងជាចង្កោមនៅក្នុងទីក្រុង កាតាមិ ។ ឧទាហរណ៍ ក្នុងចំណោមមនុស្សទាំង៦នាក់ មានបុរសចំណាស់វ័យ៧០ឆ្នាំមានអាការៈគ្រោះថ្នាក់បំផុត ហើយដែលបានកាន់របស់របរនៅក្នុងផ្ទះ ដែលបណ្តាលឱ្យពួកគេ៦ ត្រូវឆ្លងបន្តគ្នាទាំងអស់ ។ សូមបញ្ជាក់ថា ក្នុងពេលនេះថ្នាក់ដឹកនាំបាននឹងកំពុងព្យាយាមស្វែងរកប្រភពនៃបញ្ហា និង ឯកសារផ្សេងៗ ដែលអាចប្រើជាជំនួយក្នុងការដោះស្រាយបញ្ហានៅចំពោះមុខនេះ ៕
អត្ថបទ៖ ប្រជាប្រិយ