រដ្ឋបាលខណ្ឌដូនពេញ បានប្រកាសច្រានចោល និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះ Facebook ឈ្មោះ «កូននាគ អហិង្សា ស្វ.រ , Sdam Husen , សឹម សុភា Soem Spphea និង សំលេងពលករចង់បានកាផ្លាស់ប្តូ -ល-» ដែលបានបង្ហោះព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ និងមានចេតនាបង្កភាពវឹកវរក្នុងសង្គម អំពីបញ្ហាជំងឺកូរ៉ូណាថ្មីនៅកម្ពុជា និង មានជនបរទេសន្លប់នៅក្នុងវត្ត សារាវ័ន្តតេជោ ស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
Facebook ខាងលើបានសរសេរថា (ថ្វីត្បិតតែក្រសួងសុខាភិបាលចេញសេចក្តីប្រកាសថាវាគ្មានជំងឺ COVID-19 វីរុសកូរ៉ូណានេះក៍ដោយ សម្រាប់ខ្ញុំគឺថាស្រុកខ្មែរយើងពិតជាមានមែន ករណីនេះមិនមែនតែមួយលើកនេះឯណាវាមានច្រើនលើកមកហើយ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនយើង រូបនេះខ្ញុំថតបាននៅក្នុង (វត្តសារាវ័នតេជោ) តែម្តងវេលាម៉ោង ៧ ព្រឹកនេះ ០១, ០៣, ២០២០ ។ ប្រភពកូននាគ អហិង្សា ស្វ.រ )
រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ថា ពុំមានជនបរទេសណាដួលសន្លប់ដោយសារ ជំងឺ COVID-19 ឬ វីរុសកូរ៉ូណា នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នោះទេ ។ គឺមានជនបរទេសម្នាក់គាត់បានផឹកស្រាស្រវឹង ហើយមកសម្រាកនៅក្នុងវត្តសារាវ័ន្តតេជោ បន្ទាប់មកក៏មានប្រជាពលរដ្ឋរាយការណ៍ទៅ អាជ្ញាធរខណ្ឌ ភ្លាមនោះកម្លាំងក៏បានចុះទៅដល់កន្លែងកើតហេតុហើយក៏ហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកគាត់យកទៅមន្ទីរពេទ្យ ក៏ប៉ុន្តែ ជនបរទេសខាងលើមិនព្រមឡើងជិះឡានពេទ្យនោះទេ បន្ទាប់មកគាត់ក៏បានងើបអង្គុយហើយក៏ដើរចេញពីកន្លែងកើតហេតុបាត់ទៅ ។
ឆ្លើយតបជាមួយនឹងករណីនេះដែរ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ក្រសួងសូមប្រកាសបដិសេធច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតក្លែងក្លាយនៅលើគណនេយ្យហ្វេសប៊ុកទាំងនេះ ដោយអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចការផ្លូវច្បាប់ទៅលើក្រុមជនអគតិទាំងនេះ៕
អត្ថបទ៖ swiftnews