វិទ្យាស្ថានសុខភាពសាធារណៈនៃខេត្ត កាណាហ្គាវ៉ា រួមជាមួយនឹង ស្ថាប័នស្រាវជ្រាវរបស់រដ្ឋាភិបាល Riken បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ពួកគេបានអភិវឌ្ឍន៍បច្ចេកវិទ្យាដែលអាចរកឃើញវីរុស Covid-19 ដោយប្រើពេលត្រឹម ១០ទៅ៣០នាទីប៉ុណ្ណោះ ។
អភិបាលខេត្តកាណាហ្គាវ៉ា លោក Yuji Kuroiwa បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃតែមួយថា លោកនឹងព្យាយាមសុំជំនួយពិសេសពីរដ្ឋ ដូច្នេះបច្ចេកវិទ្យាថ្មីដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការស្រាវជ្រាវនិងសាកល្បង អាចប្រើប្រាស់បានកាន់តែទូលំទូលាយ ។ របៀបធ្វើតេសមានឈ្មោះថា Polymerase Chain Reaction (PCR) ដែលកំពុងត្រូវបានគេប្រើប្រាស់សម្រាប់ស្វែងរកវីរុសនាពេលបច្ចុប្បន្នត្រូវការចំណាយពេលពី១ ទៅ២ម៉ោង ដើម្បីទទួលបានលទ្ធផល ។
បច្ចេកវិទ្យាដែលបានអភិវឌ្ឍន៍ថ្មីនេះយ៉ាងហោចណាស់មានកម្រិតច្បាស់លាស់ដូចជា PCR ដែរប៉ុន្តែប្រើប្រាស់ពេលវេលាតិចជាង ។ ជាមួយគ្នានោះដែរ វិទ្យាស្ថាននិងបន្តការស្រាវជ្រាវទៅលើបច្ចេកវិទ្យាថ្មីនេះដើម្បីទទួលបានការពិនិត្យ និង អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ ៕
អត្ថបទ៖ ប្រជាប្រិយ