កាលពីថ្ងៃសៅរ៍ បុរសជនជាតិអាមេរិម្នាក់ វ័យជាង៥០ឆ្នាំម្នាក់ រស់នៅរដ្ឋ Washington State បានស្លា ប់ដោយសារមេរោគកូរ៉ូណាវីរុស ឬកូវីដ-១៩។ នេះគឺជាករណីស្លា ប់ដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក។ អភិបាលរដ្ឋលោក Jay Inslee បាន ប្រកាសភាពអសន្នក្នុងរដ្ឋ ដោយណែនាំឲ្យស្ថាប័នរដ្ឋាភិបាលក្នុងរដ្ឋទាំងអស់ «ប្រើប្រាស់រាល់ធនធានដែលមាន» ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃមេរោគកូវីដ-១៩នេះ។
នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីស្លា ប់ដំបូងដោយសារមេរោគកូវីដ-១៩ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនទប់ទល់នឹងការរីករាលដាលនៃមេរោគនេះ ដោយចាត់វិធានការនានា ក្នុងនោះអាចរួមមានការរឹតបន្តឹងការធ្វើដំណើរឆ្ពោះទៅកាន់ និងត្រឡប់ពីប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូងជាដើម។
មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៦៨នាក់ នៅសហរដ្ឋអាមេរិកបានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនពួកគេជាពលរដ្ឋអាមេរិកដែលត្រូវបានជម្លៀសពីទីក្រុងវូហាន ប្រទេសចិន និងពីនាវាទេសចរណ៍ Diamond Princess នៅទីក្រុង Yokohama ប្រទេសជប៉ុន។
ព័ត៌មានចុងក្រោយបានឲ្យដឹងថា ពលរដ្ឋអាមេរិកមួយចំនួនដែលមិនបានធ្វើដំណើរទៅប្រទេសចិន ឬក្រៅប្រទែស បានឆ្លងមេរោគកូវីដ-១៩នេះ។ ការណ៍នេះបានជំរុញឲ្យមន្ត្រីសុខាភិបាលអាមេរិក សន្និដ្ឋានថា មេរោគកូវីដ-១៩នេះអាចកំពុងរាតត្បាតនៅសហរដ្ឋអាមេរិក ៕
អត្ថបទ៖ kbn