នាវាមួយគ្រឿងដឹកអ្នកដំណើរ ២,០០០នាក់ ត្រូវបានក្រុមបាតុករ គប់ដុំថ្ម និងស្រែកដាក់ក្រុមនាវិក នៅពេលនាវានោះព្យាយាមចូលចតនៅកោះ Réunion (សាធារណរដ្ឋបារាំង) ដោយសារតែពួកគេគិតថានាវានេះឆ្លងវីរុស COVID-19 ។ នៅក្នុងហេតុការណ៍នោះប៉ូលីសបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបញ្ចប់ការប៉ះទង្គិចដ៏អាក្រក់នោះ ក៏ព្រោះតែប្រជាជនក្នុងស្រុកចំនួន ៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅពេលដែលនាវា Sun Princess ព្យាយាមចូលចតនៅថ្ងៃទី១ ខែមីនា។
ក្រុមបាតុករបានបដិសេធមិនអនុញ្ញាតឱ្យអ្នកដំណើរ ដែលភាគច្រើនមកពីអូស្ត្រាលី និងនូវែលហ្សេឡង់ បានចុះចតនៅលើកោះរបស់ពួកគេនោះទេ ហើយបានគប់សំបកដប និងថ្មដាក់សន្តិសុខ ដែលព្យាយាមនាំមនុស្សចុះពីលើនាវា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា អ្នកផ្សេងទៀតបានដុតធុងសំរាម និងបិទផ្លូវ មុនពេលពួកគេត្រូវបានបញ្ឈប់ដោយប៉ូលីសប្រដាប់អាវុធ ដែលមានទាំងការប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីធ្វើឱ្យក្រុមបាតុករស្ថិតនៅក្រោមការគ្រប់គ្រង។
នាវា Sun Princess បានចាកចេញពីប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២០ ខែមករា ហើយបានទៅធ្វើទស្សនកិច្ចនៅប្រទេសសឹង្ហបូរី ថៃ សាធារណរដ្ឋសីស្ហែល ហ្សានហ្សីបា (តង់ហ្សានី) ម៉ាដាហ្គាស្ការ កំពង់ផែចំនួន ៤ នៅអាហ្វ្រិកខាងត្បូង និងចុងក្រោយ គឺកោះ Réunion នេះ៕